(លីម៉ា)៖ ប្រធានាធិបតីប៉េរូ លោក ផេតដ្រូ កាស់ស្ទីលឡូ (Pedro Castillo) បានឆ្លងផុតការបោះឆ្នោតទម្លាក់រូបលោកពីអំណាច ខណៈមេដឹកនាំឆ្វេងនិយមរូបនេះ ទើបឡើងកាន់តំណែងបានត្រឹមរយៈពេល៨ខែ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២។

សមាជិកសភា ចំនួន៥៥រូប ក្នុងចំណោម១៣០នាក់ នៅក្នុងសភាប្រទេសប៉េរូ បានបោះឆ្នោតគាំទ្រការទម្លាក់ លោក កាស់ស្ទីឡូ ខណៈសភាត្រូវការសំឡេងសរុបចនួន ៨៧សំឡេង ទើបអាចបណ្តេញលោកចេញពីអំណាចបាន។ លទ្ធផលនេះនឹងអាចជួយ បញ្ចៀសវិបត្តិនយោបាយថ្មី សម្រាប់រយៈពេលខ្លី បើទោះបីរដ្ឋបាលលោក កាស់ស្ទីឡូ កន្លងមកមានភាពច្របូកច្របល់ ដោយសារតែ បានផ្លាស់ប្តូរគណៈរដ្ឋមន្រ្តីដល់ទៅ៤លើក នៅក្នុងការកាន់អំណាចមិនទាន់ដល់១ឆ្នាំផង ក៏ដោយក្តី។

នៅក្នុងសុន្ទរកថាទៅកាន់សភា មុនពេលបោះឆ្នោត ប្រធានាធិបតីប៉េរូរូបនេះ បានថ្លែងថា «វាជារឿងគួរឲ្យសោកស្តាយ ដែលការព្យាយាមបណ្តេញលោក ចេញពីតំណែង តាមរយៈការចោទប្រកាន់ពីអំពើពុករលួយ បានក្លាយចំណុចនៃការផ្តោតសំខាន់ទាំងផ្នែកនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយ ចាប់តាំងពីលោកទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោត។ វាមិនអាចបន្តទៅទៀតបែបនេះបានទេ»

លោកបានគូសបញ្ជាក់ថា «ខ្ញុំមិនធ្លាប់បំពានច្បាប់ទេ តាំងពីចូលកាន់តំណែង។ ខ្ញុំដឹងថាយើងទំាងអស់គ្នាមានកំហុស និង ចំណុចខ្វះខាត ប៉ុន្តែខ្ញុំមានគោរពតាមការបេ្តជ្ញាចិត្ត គុណតម្លៃ និងគោលការណ៍របស់ខ្ញុំ»។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវ ឲ្យមានការរួមគ្នាដោះស្រាយវិបត្តិនយោបាយនិងសេដ្ឋកិច្ច ដែលកើតចេញពីការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនដែលជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរសម្រាប់ប៉េរូ ដែលជាប្រទេសផលិតទង់ដែងធំជាងគេទី២ របស់ពិភពលោក។

គួរបញ្ជាក់ថា លោក Pedro Castillo ជាអតីតគ្រូបង្រៀនម្នាក់ មានប្រភពមកពីគ្រួសារកសិករ។ លោកទទួលភាពល្បីល្បាញ ក្រោយពីបានឈ្នះ ក្នុងការបោះឆ្នោតកាលពីឆ្នាំមុន ត្រូវបានចោទប្រកាន់ពីបទពុករលួយ ប៉ុន្តែលោកបដិសេធយ៉ាងដាច់អហង្ការ។ កាលពីចុងឆ្នាំមុន លោក Castillo ក៏បានរួចផុតពីការបោះឆ្នោតទម្លាក់ម្តងរួចហើយផងដែរ។ យ៉ាងណាក្តី បើតាមការស្ទង់មតិ ប្រជាប្រិយភាពរបស់លោកកំពុងធ្លាក់ចុះ ហើយក្រុមគ្រួសារបស់លោក ក៏កំពុងស្ថិតក្រោមការស៊ើបអង្កេតពីអំពើពុករលួយផងដែរ។

គិតចាប់ពីឆ្នាំ២០១៦ មកទល់ពេលនេះ ប៉េរូមានប្រធានាធិបតីសរុប៥នាក់។ នៅឆ្នាំ២០១៨ លោក ប៉េដ្រូ ប៉ាប្លូ គូហ្ស៉ីនស្គី (Pedro Pablo Kuczynski) បានលាលែងពីតំណែង មុនការបោះឆ្នោតទម្លាក់ដោយសភា ខណៈនៅឆ្នាំ២០២០ លោក ម៉ាទីន វីសការ៉ា (Martin Vizcarra) ត្រូវបានសភាបោះឆ្នោតទម្លាក់៕