(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ១៦,៨៨៦នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២១៥នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៨១,៦៥៨,៩៧៣ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,០០៤,២៤៤នាក់ និងជាសះស្បើយឡើងសរុបជាង ៦៤.៦៨លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់។

គួរបញ្ជាក់ថា មកទល់ពេលនេះ សហរដ្ឋអាមេរិក បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៥៦០លានដូស ក្នុងនោះប្រជាជន ២៥៥.២៧លាននាក់ (៧៧.៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ២១៧.៤២លាននាក់ (៦៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៩៧.២៦លាននាក់ (២៩.៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕