(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបញ្ជាក់ពីបំណងជុំវិញការអត្ថាធិប្បាយរបស់លោក កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដែលថា លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន មិនគួរបន្តកាន់អំណាច គឺជាការនិយាយដោយកំហឹងផ្ទាល់ខ្លួនរបស់លោក មិនមែនជាគោលនយោបាយការបរទេស របស់សហរដ្ឋអាមេរិកនោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២។

ថ្លែងប្រាប់អ្នកយកព័ត៌មាន នៅឯសេតវិមាន លោក បៃដិន បាននិយាយថា «ការលើកឡើងរបស់ខ្ញុំនាពេលនោះ គឺមិនតំណាងឲ្យគោលនយោបាយការបរទេស របស់សហរដ្ឋអាមេរិកទេ, ខ្ញុំសម្តែងការខឹងសម្បារដោយអាម្មណ៍ផ្ទាល់ខ្លួន ហើយខ្ញុំនឹងមិនធ្វើការសុំទោសឡើយ»

លោកបានបញ្ជាក់ទៀតថា «ការអត្ថាធិប្បាយដោយអាម្មណ៍រំជួលចិត្ត កើតមាននៅចុងបញ្ចប់នៃសុន្ទរកថារបស់លោកស្តីអំពីវិបត្តិនៅអ៊ុយក្រែន ក្នុងទីក្រុងវ៉ាសូវី កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ ដែលធ្វើឡើងចំពោះមុខក្រុមគ្រួសារដែលបានភៀសខ្លួនចេញពីសង្រ្គាម»

គួរបញ្ជាក់ថា លោក បៃដិន កំពុងប្រឈមមុខនឹងសម្ពាធ ជុំវិញការអត្ថាធិប្បាយនេះដែលកំពុងបង្កើតជាចម្ងល់ថាតើសហរដ្ឋអាមេរិកចង់ឲ្យមានការផ្លាស់ប្តូររបបដឹកនាំក្នុងទីក្រុងមូស្គូ ឬក៏យ៉ាងណា? ភ្លាមបន្ទាប់ពីមានការអត្ថាធិប្បាយនេះ រដ្ឋបាលរបស់លោកបៃដិន បានបំភ្លឺថាសេតវិមាន មិនបានជំរុញឲ្យមានការផ្លាស់ប្តូររបបណាមួយនៅក្នុងប្រទេសរុស្ស៊ីទេ។ អ្នកនាំពាក្យនៃវិមានក្រឹមឡាំង បានឆ្លើយតបចំពោះការអត្ថាធិប្បាយរបស់លោក ចូ បៃដិន លើរូបលោក វ្ល៉ាឌីមៀ ពូទីន ថាជារឿងគួរឲ្យបារម្ភ និងដ៏គ្រោះថ្នាក់បំផុត៕