(ស៊ីដនី)៖ នាយករដ្ឋមន្រ្តីនៃប្រទេសដែនកោះសូឡូម៉ុន (Solomons) លោក ម៉ាណាសេហ សូហ្កាវ៉ា (Manasseh Sogavare) បាននិយាយថាការរិះគន់ ប្រឆាំងនឹងកិច្ចចរចាសន្តិសុខរបស់លោកជាមួយចិន គឺជា «ការប្រមាថយ៉ាងខ្លាំង»។ នេះបើយោងតាមកាចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២។

នៅក្នុងសុន្ទរកថាទៅកាន់សភាជាតិ នៅថ្ងៃអង្គារនេះ លោក Sogavare បានអះអាងថាឯកសារសន្តិសុខមួយដែលបានបែកធ្លាយកាលពីពេលថ្មីៗនេះ គឺគ្រាន់តែជាសេចក្ដព្រាងមួយតែប៉ុណ្ណោះ ដោយលោកមិនបានលម្អិតអ្វីទៀតនោះទេ។ លោកបានបញ្ជាក់ដូច្នេះថា «យើងមិនមែនកំពុងស្ថិតនៅក្រោមសម្ពាធ ពីមិត្តថ្មីរបស់ពួកយើងឡើយ ហើយក៏គ្មានបំណងណាមួយដើម្បីស្នើសុំឱ្យចិនសាងសង់មូលដ្ឋានយោធានៅលើដែនកោះសូឡូម៉ុននោះដែរ»

ប្រតិកម្មរបស់លោក Sogavare កើតមានឡើងបន្ទាប់ពី អូស្ត្រាលី នូវែលសេឡង់ និងសហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភអំពីសក្តានុពលនៃកិច្ចព្រមព្រៀងសន្តិសុខរវាងសូឡូម៉ុន និងចិន ដែលនឹងអនុញ្ញាតឱ្យទីក្រុងប៉េកាំងបើកមូលដ្ឋានយោធានៅលើដែនកោះក្នុងតំបន់ប៉ាស៊ីហ្វិកមួយនេះ។ នាយករដ្ឋមន្ត្រី នូវែលសេឡង់ លោកស្រី Jacinda Ardern បាននិយាយកាលពីថ្ងៃចន្ទថា កិច្ចព្រមព្រៀងនេះគឺជាការធ្វើយោធូបនីយកម្មមានសក្ដានុពលនៃតំបន់ ខណៈ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី ក៏បានបង្ហាញការព្រួយបារម្ភផងដែរថាប្រសិនបើកិច្ចព្រមព្រៀងនេះអាចនឹងនាំឲ្យមានមូលដ្ឋានយោធាចិន ក្នុងតំបន់ប៉ាស៊ីហ្វិក។

គួរបញ្ជាក់ថា នៅក្នុងសុន្ទរកថាទៅកាន់សភា លោក Sogavare ក៏បានរិះគន់ប្រទេសធំៗ ដែលមិនបានអើពើចំពោះប្រទេសដែនកោះសូឡូម៉ុន ដែលអាចនឹង លិចទៅក្រោមបាតសមុទ្រ ដោយសារតែការប្រែប្រួលអាកាសធាតុនោះទេ។ ប្រទេសដែនកោះសូឡូម៉ុនបានផ្ដាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ដោយងាក ទៅរកចិនកាលពីឆ្នាំ២០១៩៕