(ល្វីវ)៖ មនុស្សយ៉ាងហោច ៥,០០០នាក់ ក្នុងនោះរួមមានកុមារ ២១០នាក់ ត្រូវបានសម្លាប់នៅក្នុងទីក្រុងម៉ារីយូប៉ូល (Mariupol) ស្ថិតនៅភាគខាងត្បូងនៃ ប្រទេសអ៊ុយក្រែន ចាប់តាំងពីកងទ័ពរុស្ស៊ីបានឡោមព័ទ្ធ និងទម្លាក់គ្រាប់បែកលើទីក្រុងនេះ។ នេះបើតាមអ្នកនាំពាក្យអភិបាលក្រុង Mariupol ដកស្រង់ចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២។

បើតាមអ្នកនាំពាក្យអភិបាលក្រុង Mariupol លោក វ៉ាឌីម បូអ៉ីឈិនកូ (Vadym Boichenko), តួលេខអ្នកស្លាប់ខាងលើមិនទាន់រាប់បញ្ចូលទាំងចំនួនអ្នកស្លាប់ នៅក្នុងការវាយប្រហាររបស់រុស្ស៊ី ក្នុងរយៈពេល១ខែមកនេះ ពោលគឺចាប់តាំងពីលោក ពូទីនប្រកាសធ្វើសង្រ្គាមកាលពីថ្ងៃទី២៤ ខែកុម្ភៈមកនោះទេ ដែល បានបំផ្លាញទីក្រុងមួយនេះ និងធ្វើឱ្យប្រជាជនរាប់ម៉ឺននាក់កំពុងជាប់គាំងដោយគ្មានអគ្គិសនីប្រើប្រាស់។

បន្ថែមពីលើនេះ ការិយាល័យលោក Boichenko ក៏បានឱ្យដឹងដែរថា៩០ភាគរយនៃអគារក្នុងទីក្រុង Mariupol រងការខូចខាត និង៤០ភាគរយត្រូវបានបំផ្លាញ ក្នុងនោះរួមមានទាំងសាលារៀន, មន្ទីរពេទ្យ រោងចក្រ និងសាលាមតេយ្យជាដើម។ ចំណែកឯ ប្រជាជនជាង ១៦០,០០០នាក់បន្តជាប់គាំងនៅក្នុងទីក្រុងនេះ នៅឡើយ៕