(វ៉ាស៊ីតោន)៖ អ្នកនាំពាក្យនៃវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បាននិយាយថា «គ្មាននរណាម្នាក់នៅក្នុងប្រទេសរុស្ស៊ីពិចារណា ពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះទេ»។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី Tass នៅថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២។

ឆ្លើយតបទៅនឹងសំណួររបស់ប៉ុស្តិ៍ទូរទស្សន៍អាមេរិក PBS ថាតើលោកប្រធានធិបតី វ្ល៉ាឌីមៀ ពូទីន នឹងប្រើប្រាស់អាវុធនយក្លេអ៊ែរដែរឬទេ ប្រសិនបើមាន អ្នកទីបីចូលរួមក្នុងជម្លោះនេះ? លោក ប៉េសកូវ បានឆ្លើយដូច្នេះថា «ទេ,ខ្ញុំគិតថាមិនដូច្នេះទេ»។ ប៉ុន្តែលោកបានបញ្ជាក់យ៉ាងម៉ឹងម៉ាត់ថា កុំលូកដៃ ឬជ្រៀតជ្រែកក្នុងជម្លោះអ៊ុយក្រែន ពីព្រោះថារុស្ស៊ីមានលទ្ធភាពក្នុងការទប់ស្កាត់ និងដាក់ទោសលើអ្នកទាំងនោះ។

ដោយឡែក ដោយសំដៅទៅលើការអត្ថាធិប្បាយរបស់លោកប្រធានាធិបតី ចូ បៃដិន ដែលថា «លោកពូទីន មិនសមនឹងកាន់អំណាចនៅក្នុងប្រទេសរុស្ស៊ី លោក ប៉េសកូវ បានបន្ថែមថា វាមិនមែនជាតួនាទីរបស់ប្រធានាធិបតីអាមេរិកក្នុងការសម្រេចចិត្តថាតើនរណានឹងសមជា ប្រធានាធិបតីរុស្ស៊ីនោះទេ គឺមានតែប្រជាជនរុស្ស៊ីប៉ុណ្ណោះ ដែលសិទ្ធិក្នុងការសម្រេចចិត្តក្នុងអំឡុងពេលបោះឆ្នោត»

គួរបញ្ជាក់ថា បើតាមលោក ប៉េសកូវ ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ី នឹងធ្វើឱ្យរុស្ស៊ីរៀនសម្របខ្លួនជាមួយនឹងលក្ខខណ្ឌថ្មី ប៉ុន្តែការសម្របខ្លួននេះ មិនងាយស្រួលទេ ហើយលោកបានសង្កត់ធ្ងន់ថា «យើងបានចូលដល់ការធ្វើសង្រ្គាមរួម ខណៈដែលបណ្តាប្រទេសនៅអឺរ៉ុបខាងលិច សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ពិតជាកំពុងដឹកនាំសង្រ្គាមប្រឆាំងនឹងរុស្ស៊ី ក្នុងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ការរឹបអូសទ្រព្យសម្បត្តិ ដើម្បីរារាំងដំណើរការហិរញ្ញវត្ថុ ដូចនេះយើងត្រូវសម្របខ្លួនយើងទៅនឹងការពិត»