(ប៊ែរឡាំង)៖ អ្នកនាំពាក្យម្នាក់នៃក្រសួងមហាផ្ទៃអាល្លឺម៉ង់ បានឱ្យដឹងថាបុគ្គលទាំងឡាយដែលបង្ហាញ ឬធ្វើនិមិត្តសញ្ញាអក្សរ «Z» នៅក្នុងប្រទេស អាល្លឺម៉ង់ ជាការបង្ហាញការគាំទ្រដល់សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន អាចនឹងត្រូវបានចាត់ទុកជា «អំពើឧក្រិដ្ឋ» ដែលត្រូវប្រឈមមុខនឹង ទោសព្រហ្មទណ្ឌ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២។

កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ, ក្រសួងមហាផ្ទៃអាល្លឺម៉ង់បានបញ្ជាក់ថាអាជ្ញាធរក្នុងរដ្ឋធានីប៊ែរឡាំង នឹងតាមដានលើការប្រើប្រាស់និមិត្តសញ្ញាអក្សរ «Z» ដែលកំពុងត្រូវបានមនុស្សចំនួន ប្រើបង្ហាញការគាំទ្រដល់សង្រ្គាមរបស់រុស្ស៊ី បន្ទាប់ពីអាជ្ញាធរក្នុងរដ្ឋបាវ៉ារៀ (Bavaria) និងរដ្ឋ ឡូវឺសាក់ហ្សូនី (Lower Saxony) ប្រកាសថានឹងដាក់ទោសទណ្ឌលើសកម្មភាពបែបនេះដែរ។

បើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃអាល្លឺម៉ង់, ការប្រើប្រាស់និមិត្តសញ្ញាអក្សរ Z ជាប្រក្រតីមិនត្រូវបានហាមឃាត់ឡើយ ប៉ុន្តែរាល់បុគ្គលណាដែលប្រើវាក្នុងគោលបំណងបង្ហាញការគាំទ្រដល់ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន នោះនឹងត្រូវប្រឈមមុខនឹងទោសព្រហ្មទណ្ឌ។ «សង្រ្គាមរបស់រុស្ស៊ីដែលជាទង្វើឈ្លានពានលើអ៊ុយក្រែនគឺជាអំពើឧក្រិដ្ឋ ដូច្នេះអ្នកដែលគាំទ្រសង្រ្គាមឈ្លានពាននេះក៏អាចនឹងត្រូវទទួលខុសត្រូវខាងទោសព្រហ្មទណ្ឌផងដែរ»។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃអាល្លឺម៉ង់ ក្នុងលក្ខណ្ឌមិនបញ្ចេញឈ្មោះ។

គួរបញ្ជាក់ថា អក្សរ «Z» ត្រូវបានប្រើប្រាស់ជានិមិត្តសញ្ញានៅលើរថក្រោះ ឬរពាសដែកកងទ័ពរុស្ស៊ី ដែលបានចូលរួមនៅក្នុងសង្រ្គាមអ៊ុយក្រែន ដើម្បី បង្ហាញការគាំទ្រសង្រ្គាមរបស់លោក ពូទីន និងកំពុងត្រូវបានប្រើនៅលើទង់ជាតិ ព្រមទាំងនៅឯពិធីជួបជុំអ្នកគាំទ្រវិមានក្រឹមឡាំងផងដែរ៕