(មូស្គូ)៖ វិមានក្រឹមឡាំងនៅថ្ងៃចន្ទនេះ បានសម្តែងការព្រួយបារម្ភ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានហៅមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថាជា «អ្នកកាប់សាច់ ឬជាឃាតករ» ជុំវិញប្រតិបត្តិការយោធារបស់លោក នៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា «នេះគឺជាសេចក្តីថ្លែងការណ៍មួយដែលពិតជាគួរឱ្យព្រួយបារម្ភ និងគ្រោះថ្នាក់បំផុត» ដោយបន្ថែមថា ទីក្រុងម៉ូស្គូនឹង «បន្តតាមដានយ៉ាងដិតដល់» រាល់សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាមេរិក។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ នាឱកាសបំពេញទស្សនកិច្ចនៅឯទីក្រុងវ៉ាសូវី ប្រទេសប៉ូឡូញ ជាទីដែលលោក បានថ្កោលទោសសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ហើយបានហៅលោក ពូទីនជាថ្មីថាជា «ឃាតក» លោក បៃដិនក៏បានលើកដែរថាលោក ពូទីន មិនអាចបន្តកាន់អំណាចតទៅទៀតនោះទេ។

ក៏ប៉ុន្តែ ការអត្ថាធិប្បាយដ៏ចម្រូងចម្រាសនេះត្រូវបានសេតវិមានបកស្រាយថា «អ្វីដែលលោកប្រធានាធិបតី បៃដិនបានកត់សម្គាល់ នោះគឺចង់មានន័យថាលោក ពូទីនមិនអាចត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ អំណាចលើបណ្ដាប្រទេសក្បែរខាង ឬក៏នៅក្នុងតំបន់ឡើយ ហើយលោកក៏មិនមែនចង់សំដៅទៅលើអំណាចរបស់លោក ពូទីន ក្នុងប្រទេសរុស្ស៊ី ឬក៏ការផ្លាស់ប្ដូររបបដឹកនាំនោះដែរ។

ចំណែកឯ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានអះអាងថាអ្វីៗមិនមែន អាស្រ័យលើការសម្រេចចិត្តរបស់លោក បៃដិនទេ ពីព្រោះថាប្រធានាធិបតីរុស្ស៊ីត្រូវបានបោះឆ្នោតជ្រើសរើសដោយប្រជាជនរុស្ស៊ី៕