(សៀងហៃ)៖ មជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសចិន គឺទីក្រុងសៀងហៃ ដែលមានប្រជាជនចំនួន ២៦លាននាក់រស់នៅ បានចាប់ផ្តើមធ្វើការបិទខ្ទប់ ជា២ដំណាក់កាល នៅថ្ងៃចន្ទនេះ ដែលក្នុងនោះការធ្វើចរាចរណ៍នៅលើស្ពាន, ផ្លូវក្រោមដី និងផ្លូវហាយវ៉េ ត្រូវបានបិទដើម្បីទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ ១៩ ដែលកំពុងកើនឡើង។ នេះបើតាមតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២។

វិធានការបិទខ្ទប់ ដែលប្រកាសដោយរដ្ឋាភិបាលទីក្រុងសៀងហៃ កាលពីថ្ងៃអាទិត្យ បានចែកចេញជា២ផ្នែក ក្នុងនោះនៅតំបន់តាមបណ្តោយទន្លេ ហ័ងពូ (Huangpu) នឹងមានការធ្វើតេស្តទ្រង់ទ្រាយធំរយៈពេល ៩ថ្ងៃ។

អាជ្ញាធរសៀងហៃ បាននិយាយថា «សកម្មភាពសេដ្ឋកិច្ចក្នុងសង្កាត់ពូដុង (Pudong) និងតំបន់ក្បែរៗនោះ នឹងត្រូវបិទខ្ទប់ ចាប់ពីថ្ងៃចន្ទ រហូតដល់ ថ្ងៃសុក្រ ខណៈដែលការធ្វើតេស្តទ្រង់ទ្រាយធំទូទាំងទីក្រុងកំពុងដំណើរការ»។ កំឡុងពេលបិទខ្ទប់នេះអ្នកស្រុកត្រូវបានតម្រូវឲ្យស្នាក់នៅក្នុងផ្ទះ ហើយទំនិញចែកចាយនានា នឹងត្រូវទុកនៅប៉ុស្តិ៍ត្រួតពិនិត្យ ដើម្បីធានាបានថាគ្មានការប៉ះពាល់។ សកម្មភាពនេះបានរំខានដល់សេដ្ឋកិច្ច និងជីវភាព របស់នៅរបស់ប្រជាជន ចាប់តាំងពីកូវីដ១៩ បានរាលដាលក្នុងទីក្រុងរហូតមកទល់ពេលនេះ»។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ករណីឆ្លង COVID-19 ចេញរោគសញ្ញា ៥០ករណី និងមិនចេញរោគសញ្ញាមានរហូតដល់ទៅ ៣,៤៥០ករណី ត្រូវបានរាយការណ៍ក្នុងទីក្រុងសៀងហៃ៕