(មូស្គូ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) នៅថ្ងៃចន្ទនេះបាននិយាយថា ទំនាក់ទំនងរបស់ប្រទេសរុស្ស៉ី ជាមួយចិន ស្ថិតនៅកម្រិតយ៉ាងរឹងមាំជាទីបំផុត គឺចំពេលដែលក្រុមប្រទេសលោកខាងលិច កំពុងព្យាយាមធ្វើឱ្យទីក្រុងមូស្គូ ស្ថិតក្នុងស្ថានភាពឯកោ តាមរយៈការព្រួតគ្នា ដាក់ទណ្ឌកម្មយ៉ាងចាស់ដៃមិនធ្លាប់មាន ដោយសារតែវិបត្តិសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២។

ពាក់ព័ន្ធចំណាត់ការឆ្លើយតបរបស់លោកខាងលិច ទីក្រុងប៉េកាំងបានបង្ហាញសំឡេងជំទាស់ជាម្តងហើយម្តងទៀត ចំពោះការដាក់ទណ្ឌកម្មទាំងនេះ ហើយបានប្រកាន់ជំហរថា ខ្លួននឹងនៅរក្សាការធ្វើទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មតាមធម្មតា ជាមួយប្រទេសរុស្ស៉ី។

គួរបញ្ជាក់ថា ចិនក៏មិនបានថ្កោលទោស ចំពោះប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូ នៅអ៊ុយក្រែននោះដែរ ប៉ុន្តែរដ្ឋាភិបាលចិន កំពុងបារម្ភខ្លាចក្រែង ក្រុមហ៊ុនចិនជួបបញ្ហាដោយសារតែល្មើសទណ្ឌកម្ម ដែលក្រុមលោកខាងលិចដាក់លើរុស្ស៉ី។ កាលពីកំលុងដើមខែមីនានេះ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី ធ្លាប់បានលើកឡើងថា ចំណងមិត្តភាពរបស់ចិនជាមួយរុស្ស៉ី គឺរឹងមាំដូចថ្មយ៉ាងដូច្នោះ៕