(វៀងចន្ទន៍)៖ អាជ្ញាធរសុខាភិបាលឡាវ នៅថ្ងៃចន្ទនេះ បានឱ្យដឹងថា ករណីឆ្លង COVID-19 ថ្មីៗចំនួន ១,២៦៣នាក់ រួមជាមួយករណីស្លាប់ម្នាក់ ទើបត្រូវបានរាយការណ៍ សម្រាប់រយៈពេល២៤ម៉ោងចុងក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានឡាវ (Lao News Agency) នៅថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២។

ក្នុងចំណោមករណីឆ្លងថ្មីៗទាំងនោះ មាន១,២៣៦នាក់ ជាករណីឆ្លងក្នុងស្រុកផ្ទាល់ និង២៧នាក់ ករណីនាំចូលពីក្រៅប្រទេស ហើយរដ្ឋធានីវៀងចន្ទន៍ ជាកន្លែងដែលរាយការណ៍ករណីឆ្លងក្នុងស្រុកច្រើនជាងគេ គឺ៥០១ករណី។ ជាមួយគ្នានេះ មនុស្ស៤២៦នាក់ ក៏ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យផងដែរ ក្រោយជាសះស្បើយ។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ប្រទេសឡាវមានករណីឆ្លង COVID-19 សរុប ១៦៩,២៥៦នាក់ ក្នុងនោះស្លាប់ ៦៦១នាក់។ ប្រជាជនឡាវជាង៦១ភាគរយ ឬស្មើនឹង៤.៤៤លាននាក់ បានទទួលការចាក់វ៉ាក់សាំងគ្រប់ដូស៕