(ល្វីវ)៖ តួកគីដែលជាសមាជិក NATO គឺជាប្រទេសមួយនៅក្នុងចំណោមប្រទេសដែលអាចផ្ដល់ការធានាសន្តិសុខឱ្យទីក្រុងកៀវ នៅក្រោម កិច្ចព្រមព្រៀងណាមួយជាមួយរុស្ស៊ី ដើម្បីបញ្ចប់សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមមន្ត្រីជាន់ខ្ពស់អ៊ុយក្រែន ដកស្រង់ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២។

លោក អ៉ីហ័រ ហ្សូវវ៉ា (Ihor Zhovkva) ជាអនុប្រធានការិយាល័យប្រធានាធិបតីលោក ហ្សេលេនស្គី ធ្វើកាតកត់សម្គាល់ខាងលើ មុននឹងកិច្ចចរចា ទល់មុខជុំថ្មីមួយរវាងរុស្ស៊ី និងអ៊ុយក្រែន ត្រូវបានគេរំពឹងថានឹងចាប់ផ្ដើមនៅថ្ងៃចន្ទសប្ដាហ៍នេះ ក្នុងប្រទេសតួកគី។ លោក Zhovkva បានបញ្ជាក់ ដូច្នេះថា «តួកគីស្ថិតនៅក្នុងចំណោមប្រទេស ដែលអាចក្លាយជាអ្នកធានាសន្តិសុខរបស់យើងនៅពេលអនាគត»។ តែលោកមិនបានល្អិតអ្វីផ្សេង ពីនេះឡើយ។

គួរបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងកៀវ ក៏ធ្លាប់បាននិយាយដែរថាខ្លួនចង់បានការធានាសន្តិសុខស្របច្បាប់មួយ ដែលអាចនឹងផ្ដល់ការការពារសម្រាប់ អ៊ុយក្រែន ពីសំណាក់រដ្ឋជាសមាជិកនៃអង្គការ NATO នៅក្នុងករណីមានការវាយប្រហារណាមួយ៕