(ម៉ានីល)៖ កងកម្លាំងយោធាសហរដ្ឋអាមេរិក និងហ្វីលីពីនរាប់ពាន់នាក់ បានចាប់ផ្តើមសមយុទ្ធជាមួយគ្នា នៅថ្ងៃចន្ទនេះ ដែលជាសមយុទ្ធទ្រង់ទ្រាយធំរួមគ្នាប្រចាំឆ្នាំ ដែលរួមមានការបាញ់គ្រាប់ពិត, ការវាយប្រហារដោយយន្តហោះ, ការប្រយុទ្ធលើសមរភូមិក្នុងទីក្រុង និងការបញ្ជូនទ័ពឡើងឆ្នេរ ជាដើម ដើម្បីបង្ហាញសព្វាវុធទំនើបៗរបស់អាមេរិក ខណៈវាប្រព្រឹត្តទៅនៅភាគខាងជើងប្រទេសហ្វីលីពីន ក្បែរដែនសមុទ្រ ដែលជាប់ព្រំប្រទល់ជាមួយកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២។

ក្រុមមន្រ្តីយោធាអាមេរិក និងហ្វីលីពីន បាននិយាយថា សមយុទ្ធប្រចាំឆ្នាំខាងលើនេះ មានឈ្មោះថា បាលីកាតាន (Balikatan) ដែលមានន័យថា «ស្មាប្រកៀកស្មា» នឹងដំណើរការរហូតដល់ថ្ងៃទី៨ ខែមេសា ជាមួយវត្តមានកងទ័ពជិត៩,០០០នាក់ ដែលរួមមានកងទ័ពជើងទឹក, កងម៉ារីន, កងទ័ពអាកាស និងកងទ័ពជើងអាកាស ក្នុងនោះ ៥,១០០នាក់ ជាកងទ័ពអាមេរិក ដើម្បីពង្រឹងសមត្ថភាព និងការត្រៀមខ្លួនរបស់សម្ព័ន្ធមិត្តទាំងពីរ សម្រាប់បញ្ហាប្រឈមជាសកលនានា»។

លោក ចេ បាហ្កឺរ៉ុន (Jay Bargeron) មេបញ្ជាការកងម៉ារីនទី៣ របស់សហរដ្ឋអាមេរិក បាននិយាយថា «យោធាអាមេរិក និងកម្លាំងប្រដាប់អាវុធហ្វីលីពីន នឹងហ្វឹកហាត់រួមគ្នា ដើម្បីពង្រីកនិងជំរុញយុទ្ធសាស្រ្តបច្ចេកទេស និងនីតិវិធីរួមគ្នា ក្រោមគោលដៅពង្រឹងសមត្ថភាពឆ្លើយតប និងការត្រៀមខ្លួនរបស់យើង ចំពោះបញ្ហាប្រឈមក្នុងពិភពលោក។ សម្ព័ន្ធភាពរបស់យើង នៅតែជាប្រភពយ៉ាងសំខាន់ នៃកម្លាំងនិងស្ថិរភាពក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»

គួរបញ្ជាក់ថា សមយុទ្ធ Balikatan ដែលរៀបចំដំបូងនៅឆ្នាំ១៩៩១ ផ្អែកលើសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក កាលពីឆ្នាំ១៩៥១ ដែលកំណត់ឱ្យសហរដ្ឋអាមេរិកនិងហ្វីលីពីន ត្រូវចូលជួយគ្នា នៅពេលភាគីណាមួយរងការវាយប្រហារ។ សមយុទ្ធយោធាអាមេរិក-ហ្វីលីពីន ដែលរៀបចំឡើងនៅតំបន់ក្បែរកោះតៃវ៉ាន់នេះ គឺចំពេលដែលតៃវ៉ាន់និងចិន កាន់តែមានភាពតានតឹងរវាងគ្នា។ ប៉ុន្តែអ្នកនាំពាក្យយោធាហ្វីលីពីន បានអះអាងថា លំហាត់សមយុទ្ធភាគច្រើន ត្រូវបានគ្រោងតាំងពី១ឆ្នាំមុនមកម្ល៉េះ ដោយមិនពាក់ព័ន្ធជាមួយភាពតានតឹង នៅច្រកសមុទ្រតៃវ៉ាន់ ឬក៏មិនមានគោលដៅ លើប្រទេសណាមួយនោះទេ៕