(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ ប្រទេសលោកខាងលិច បានបើកធ្វើកិច្ចប្រជុំមួយចំនួនយ៉ាងមមាញឹក ក្នុងនោះបូករួមទាំង កិច្ចប្រជុំកំពូលពិសេស នៃថ្នាក់ដឹកនាំអង្គការ NATO ស្តីពីបញ្ហាអ៊ុយក្រែន កិច្ចប្រជុំថ្នាក់ដឹកនាំនៃប្រទេស G7 និងកិច្ចប្រជុំកំពូលមេដឹកនាំសហភាពអឺរ៉ុបជាដើម ដើម្បីធ្វើការពិគ្រោះពិភាក្សាអំពីស្ថានការណ៍អ៊ុយក្រែន និងត្រៀមខ្លួនដាក់ចេញវិធានការ ដាក់ទណ្ឌកម្មទៅលើរុស្ស៊ីជុំថ្មីមួយ។ យ៉ាងណាមិញ ចាប់តាំងពីសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច បានអនុវត្តវិធានការដាក់ទណ្ឌកម្មមក សហភាពអឺរ៉ុបកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីវិស័យថាមពល វត្ថុធាតុដើមនិងចរាចរណ៍ទំនិញអន្តរជាតិជាដើម។

គួររំលឹកថា ក្នុងកិច្ចប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំសហភាពអឺរ៉ុប ដែលធ្វើឡើងនៅទីក្រុង Versailles ប្រទេសបារាំងក្នុងរយៈពេលមុននេះ មិនជាយូរប៉ុន្មាន ដោយសារលើមូលដ្ឋាននៃស្ថានការណ៍អ៊ុយក្រែន នាពេលបច្ចុប្បន្ននេះ បណ្តារដ្ឋសមាជិកនៃសហភាពអឺរ៉ុបបានឈានដល់គំនិតឯកភាពរួមអំពីបញ្ហាមួយចំនួន ដូចជាការបង្កើនភាពម្ចាស់ការ ខាងកិច្ចការពារជាតិ ការកាត់បន្ថយការពឹងផ្អែកផ្នែកថាមពល និងលំនឹងស្ថានភាពជាមូលដ្ឋាននៃសេដ្ឋកិច្ចជាដើម ដែលបានរំលេចនូវការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុប ក្នុងការរក្សាបាននូវភាពម្ចាស់ការខាងយុទ្ធសាស្ត្រ ។

ក្នុងអំឡុងកិច្ចប្រជុំ Versailles បណ្តារដ្ឋសមាជិកនៃសហភាពអឺរ៉ុប បានឯកភាពគ្នាសម្គាល់ថា អឺរ៉ុបចាំបាច់ត្រូវបម្រះខ្លួនចេញពី ការពឹងផ្អែកខ្ពស់លើវត្ថុធាតុដើមទ្រង់ទ្រាយធំរបស់រុស្ស៊ី ដូចជា ប្រេងឆៅនិងឧស្ម័នធម្មជាតិជាដើម ជាសន្សឹមៗក្នុងរយៈពេល៥ឆ្នាំ ខាងមុខនេះ។ ដើម្បីបង្កើនការគ្រប់គ្រងប្រព័ន្ធបម្រុងទុកថាមពល បណ្តារដ្ឋសមាជិកនៃសហភាពអឺរ៉ុប ក៏បានឈានដល់មតិឯកភាពគ្នា ស្តីពីបញ្ហាសម្របសម្រួលការបម្រុងទុកឧស្ម័នធម្មជាតិ ដោយបានសម្រេចចិត្តថា នឹងបង្កើនការស្តុកទុកឧស្ម័នធម្មជាតិ ក្នុងឃ្លាំងរបស់អឺរ៉ុបឱ្យឡើងដល់ ៩០ភាគរយ នៅមុនថ្ងៃទី១ ខែតុលា ជារៀងរាល់ឆ្នាំ ដើម្បីធានាសន្តិសុខថាមពលរបស់សហភាពអឺរ៉ុប។

ប៉ុន្តែបច្ចុប្បន្ននេះ សហភាពអឺរ៉ុបបានពឹងផ្អែកខ្ពស់ ទៅលើថាមពលរបស់រុស្ស៊ី ពោលគឺ ឧស្ម័នធម្មជាតិ ប្រហែល ៤០ភាគរយ និងប្រេងឆៅប្រហែល ៣០ភាគរយរបស់អឺរ៉ុប បាននាំចូលពីប្រទេសរុស្ស៊ី។ បន្ទាប់ពីរុស្ស៊ីចាត់ប្រតិបត្តិការយោធាពិសេស ចំពោះអ៊ុយក្រែន ប្រទេសលោកខាងលិចបានអនុវត្តការដាក់ទណ្ឌកម្ម ដែលពីមុនមិនធ្លាប់មានទៅលើរុស្ស៊ីដែលបានបណ្តាលឱ្យ តម្លៃថាមពលរបស់សហភាពអឺរ៉ុបបានឡើងថ្លៃ ហើយគំរាមកំហែងដល់សន្តិសុខថាមពល។ ក្នុងសភាពការណ៍បែបនេះ សហភាពអឺរ៉ុបនឹងជួបប្រទះនឹងជម្រើសយុទ្ធសាស្ត្រ ប្រកបដោយភាពលំបាកមួយចំនួន នៅពេលអនាគត។

លើសពីនេះទៅទៀត ក្នុងចំណោមគ្រឿងសម្ភារៈជាយុទ្ធសាស្ត្រទ្រង់ទ្រាយធំ ដែលសហភាពអឺរ៉ុបពឹងផ្អែកខ្ពស់ទៅលើរុស្ស៊ី គឺមិនអាចឃ្លាតពីវត្ថុធាតុដើមនៃបន្ទះឈីបបានឡើយ។ ទំហំនាំចេញវត្ថុរ៉ែនីកែល ប៉ាឡាដ្យូម អាលុយមីញ៉ូម និងប្លាទីនរបស់រុស្ស៊ី មានចំនួន ៤៩ភាគរយ ៤២ភាគរយ ២៦ភាគរយនិង ១៣ភាគរយ នៃទីផ្សារសកលដោយឡែកពីគ្នា។ ចំណែកអ៊ុយក្រែនវិញ ការនាំចេញវត្ថុនេអុងនិងគ្រីបតុនរបស់ខ្លួន មានចំនួន ៧០ភាគរយនិង ៤០ភាគរយនៃទំហំទីផ្សារសកល។ ហេតុនេះហើយបានជា វត្ថុធាតុដើមទាំងនេះមានសារៈសំខាន់ណាស់ ចំពោះផលិតផលបច្ចេកវិទ្យាខ្ពស់ ដូចជាបន្ទះឈីបនិងរ៉េមជាដើម។ នៅពេលដែលសហគ្រាសប្រើប្រាស់បរិក្ខារឈីបចុងក្រោយបង្អស់នៅអឺរ៉ុប នៅតែមានការព្រួយបារម្ភយ៉ងខ្លាំងអំពី «ការកាត់ផ្តាច់ការផ្គត់ផ្គង់ឈីប» កាលពីឆ្នាំមុន ការគំរាមកំហែងដែលអាចប៉ាន់ប្រមាណ បានប្រហែលនឹងកើតមានម្តងទៀត។

និយាយចំពោះទ្វីបអឺរ៉ុប ការចាត់វិធានការក្រោមលេស «គាំពារសុវត្ថិភាព» បែរជាបានបង្កឱ្យមានការគំរាមកំហែងជាក់ស្តែងជាច្រើន ពោលគឺ កំណើនសេដ្ឋកិច្ចមានលទ្ធភាពលេចចេញកំណើនអវិជ្ជមាន ដំណើរការនៃសង្គមប្រហែលជាអាចនឹងធ្លាក់ ក្នុងសភាពជាប់គាំង ក៏ដូចជាខ្សែសង្វាក់ឧស្សាហកម្មប្រហែលជា ត្រូវបានកាត់ផ្តាច់ការផ្គត់ផ្គង់។ ការពិតជាក់ស្តែងដ៏ឃោរឃៅ បានបញ្ជាក់ម្តងទៀតថា មានតែគាំទ្រសកម្មភាពដែលសមស្របនឹងផលប្រយោជន៍រួមរបស់ប្រជាជន នៅតំបន់អាស៊ីនិងអឺរ៉ុបប៉ុណ្ណោះ ទើបអាចសម្រេចបាននូវសន្តិសុខដ៏ពិតប្រាកដ៕