(លូហ្កាន)៖ សាធារណរដ្ឋប្រជាមានិតលូហ្កាន់ (Lugansk) ដែលជាតំបន់ផ្ដាច់ខ្លួនមួយក្នុងចំណោម២ ក្នុងតំបន់ដុនបាស់ (Donbass) និងទទួលស្គាល់ដោយទីក្រុងមូស្គូថាជារដ្ឋឯករាជ្យកាលពីចុងខែកុម្ភៈកន្លងទៅ គ្រោងនឹងរៀបចំការបោះឆ្នោតប្រជាមតិមួយស្ដីពីការចូលរួមជាមួយរុស្ស៊ី «នាពេលដ៏ខ្លីខាងមុខនេះ»។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មានរុស្ស៊ី RT នៅថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២។

បើទោះបីជានៅមិនទាន់មានការបង្ហាញណាមួយថា វិមានក្រឹមឡាំងនឹងទទួលយកការស្នើសុំនេះក៏ដោយ ប៉ុន្តែកាលពីខែមុន លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានទទួលស្គាល់ឯករាជ្យភាពនៃសាធារណរដ្ឋប្រជាមានិតលូហ្កាន់ (LPR) ខណៈលោកខាងលិចបានចាត់ទុកថាវានៅតែជាផ្នែក មួយរបស់អ៊ុយក្រែន។

ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យ លោក លេអូនីត ប៉ាស់សេនីក (Leonid Pasechnik) មេដឹកនាំនៃសាធារណៈរដ្ឋលូហ្កាន់ បានបញ្ជាក់ដូច្នេះថា «នៅពេលដ៏ខ្លីខាងមុខនេះ ការបោះឆ្នោតប្រជាមតិមួយនឹងត្រូវធ្វើឡើង ហើយប្រជាជននឹងអាចអនុវត្តសិទ្ធិទាំងស្រុងរបស់ ពួកគេ រួចផ្តល់មតិរបស់ពួកគេទាក់ទងនឹងការចូលរួមជាមួយរុស្ស៊ី»។ ដោយឡែក សមាជិកព្រឹទ្ធសភារុស្ស៊ី លោក អេនដ្រេ ឃ្លីសាស់(Andrey Klishas) ក៏បាននិយាយដែរថាទាំង លូហ្កាន់និង ដូញ៉េត (Donetsk) មានសិទ្ធិស្វែងរកការចូលរួមជាមួយរុស្ស៊ី លុះត្រាតែទង្វើបែបនេះ មិនផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់ពួកគេ។

គួរបញ្ជាក់ថា បើតាម RT, សាធារណរដ្ឋដូញ៉េត (DPR) និងលូហ្កាន់ (LPR) ដែលមានប្រជាជនភាគច្រើន និយាយភាសារុស្សី បានប្រកាស ឯករាជ្យកាលពីឆ្នាំ២០១៤ បន្ទាប់ពីមានរដ្ឋប្រហារដោយហិង្សានៅទីក្រុងកៀវ។

ចាប់តាំពីពាក់ណ្តាលខែកុម្ភៈ ឆ្នាំ២០២២ តំបន់ផ្ដាច់ខ្លួនទាំង២នេះបានរាយការណ៍ពីការកើនឡើងនៃការបាញ់ផ្លោងកាំភ្លើងធំរបស់អ៊ុយក្រែន ជាអ្វីដែលបង្ខំឲ្យសាធារណៈរដ្ឋដុនបាស់ ស្នើសុំការទទួលស្គាល់ ជាផ្លួវការ ដូចដែលថ្នាក់ដឹកនាំរុស្សី និងអ៊ុយក្រែន បានអះអាង។ តបតាមសំណើរនេះលោកពូទីន បានបើកប្រតិបត្តិការយោធាពិសេស ក្រោមហេតុផល ដើម្បីធានាសន្តិសុខតំបន់នេះឡើងវិញ៕