(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ៤,៩៥២នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៤២នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៨១,៦២១,៨៨៨ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,០០៣,៤៦៧នាក់ និងជាសះស្បើយឡើងសរុបជាង ៦៤.៤៥លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់។

គួរបញ្ជាក់ថា មកទល់ពេលនេះ សហរដ្ឋអាមេរិក បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៥៦០លានដូស ក្នុងនោះប្រជាជន ២៥៥.២២លាននាក់ (៧៧.៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ២១៧.៣៨លាននាក់ (៦៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៩៧.២លាននាក់ (២៩.៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕