(តូក្យូ)៖ ការគាំទ្រសម្រាប់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអុ គីស៊ីដា (Fumio Kishida) បានហក់ឡើងខ្ពស់ជាលើកដំបូង ក្នុងរយៈពេលជាង ៣ខែមកនេះ ដោយជិត ៧០ភាគរយនៃអ្នកត្រូវបានសម្ភាសន៍បានឆ្លើយថាពួកគេគាំទ្រចំណាត់ការរបស់លោកឆ្លើយតបទៅនឹង សកម្មភាពយោធារបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២។

បើតាមស្ទង់មតិធ្វើឡើងដោយសារព័ត៌មានជប៉ុន Nikkei និងទូរទស្សន៍ TV Tokyo, ៦៧ភាគរយនៃអ្នកត្រូវបានសម្ភាសន៍កាលពីចុងសប្ដាហ៍កន្លងទៅនេះ បាននិយាយថាពួកគេគាំទ្រចំណាត់ការរបស់រដ្ឋាភិបាលលោក គីស៊ីដា ចំពោះប្រតិបត្តិការយោធាពិរសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈមក និងដែលលោកខាងលិចចាត់ទុកថាជាការឈ្លានពាន។ ចំណែកឯ ២២ភាគរយប៉ុណ្ណោះដែលជំទាស់នឹងចំណាត់ការរបស់រដ្ឋាភិបាលជប៉ុន។

គួរបញ្ជាក់ថា អត្រាគាំទ្រសម្រាប់រដ្ឋាភិបាលលោក គីស៊ីដា កាលពីខែតុលា ឆ្នាំ២០២១ មានត្រឹម ៦១ភាគរយ។ ជប៉ុនបានចូលរួមជាមួយបណ្ដាប្រទេសលោកខាងលិចដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី ហើយការកើនឡើងនៃអត្រាគាំទ្រនៅពេលនេះគឺជាសញ្ញាមួយដ៏ល្អ ខណៈការបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុន នឹងចូលមកដល់នៅខែកក្កដាខាងមុខនេះ៕