(ព្យុងយ៉ាង)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនបាននិយាយថាប្រទេសរបស់លោកនឹងបន្តអភិវឌ្ឍ «សមត្ថភាពយោធាដ៏មានអនុភាព» ដែលមិនមាននរណាម្នាក់អាចបញ្ឈប់ ឬរារាំងបាននោះឡើយ នៅពេលដែលលោកបានជួបក្រុមការងារពាក់ព័ន្ធនឹងការសាកល្បងមីស៊ីលធំបំផុត របស់កូរ៉េខាងជើងកាលពីពេលថ្មីៗនេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២ ។

បើតាម KCNA លោក គីម បានជួបជាមួយក្រុមមន្ត្រីវិទ្យាសាស្ត្រ អ្នកបច្ចេកទេស និងកម្មករ ដែលបានរួមចំណែកក្នុងការបាញ់សាកល្បងមីស៊ីល កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលទីក្រុងព្យុងយ៉ាងអះអាងថាគឺជាមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដ៏ធំបំផុតរបស់ខ្លួន។

ថ្លែងនាឱកាសនោះ លោក គីម បានបញ្ជាក់ដូច្នេះថា «មានតែការអភិវឌ្ឍសមត្ថភាពវាយប្រហារដ៏មានអនុភាព, មានអំណាចយោធាដ៏លើសលប់ដែលគ្មានអ្នកបញ្ឈប់បាន នោះទើបយើងអាចទប់ស្កាត់សង្គ្រាម, ធានាសន្តិសុខរបស់ប្រទេស និងទប់ស្កាត់រាល់ការគំរាមកំហែងពីពួកចក្រពត្តិនិយម»

គួរបញ្ជាក់ថា កំលុងពេលចុះត្រួតពិនិត្យដោយផ្ទាល់នូវការសាកល្បងកាលពីថ្ងៃព្រហស្បតិ៍ លោក គីម ជុងអ៊ុន បាននិយាយថាការបាញ់មីស៊ីល ICBM ថ្មី គឺដើម្បីជួយរារាំងសកម្មភាពយោធាណាមួយរបស់សហរដ្ឋអាមេរិក ខណៈឧបទ្វីបកូរ៉េនៅតែស្ថិតលក្ខណៈសង្គ្រាម បន្ទាប់ពីបញ្ចប់សង្គ្រាម កូរ៉េឆ្នាំ១៩៥០-១៩៥៣ ដោយមិនទាន់មានសន្ធិសញ្ញា ឬកិច្ចព្រមព្រៀងសន្តិភាពនៅឡើយទេ។

កន្លងទៅ ទីក្រុងវ៉ាស៊ីនតោន បានព្យាយាមដាក់សម្ពាធលើទីក្រុងព្យុងយ៉ាងឱ្យបោះបង់ចោល ឬកាត់បន្ថយឃ្លាំងអាវុធនុយក្លេអ៊ែរ និងមីស៊ីល ICBM របស់ខ្លួន ដែលអាចវាយប្រហារគោលដៅនានាក្នុងសហរដ្ឋអាមេរិក៕