(ល្វីវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បាននិយាយថាប្រទេសរបស់លោកបានត្រៀមខ្លួន រួចជាស្រេចដើម្បីពិភាក្សាពីលក្ខន្តិកអព្យាក្រឹត ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២។

ថ្លែងនៅក្នុងបទសម្ភាសន៍តាមប្រព័ន្ធវីដេអូ ជាមួយអ្នកសារព័ត៌មានរុស្ស៊ី រយៈពេល៩០នាទីកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ លោក ហ្សេលេនស្គីសង្កត់ធ្ងន់ថាការឈ្លានពានរបស់រុស្ស៊ី បានបង្កការបំផ្លិចបំផ្លាញដល់បណ្ដាទីក្រុងដែលមានប្រជាជននិយាយភាសារុស្ស៊ីក្នុងប្រទេស អ៊ុយក្រែន ពោលគឺការខូចខាតមានទំហំធំជាងជាងសង្រ្គាមរបស់រុស្ស៊ីក្នុងតំបន់ឆេឆេនី (Chechnya) ទៅទៀត។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានបន្ថែមដូច្នេះថា «យើងត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាពីការធានាសន្តិសុខ, អព្យាក្រឹតភាព និងលក្ខន្តិកគ្មាននុយក្លេអ៊ែរនៃរដ្ឋរបស់យើង ដែលទាំងនេះសុទ្ធសឹងតែជាចំណុចសំខាន់ៗ»

ប៉ុន្តែព្រមពេលជាមួយគ្នា លោក ហ្សេលេនស្គី ក៏បានបញ្ជាក់ដែរថាសន្ធិសញ្ញាសន្តិភាពណាមួយរវាងរុស្ស៊ី និងអ៊ុយក្រែន ត្រូវបានមានការធានាពី ភាគីទី៣ដែរ ហើយត្រូវឆ្លងកាត់ការបោះឆ្នោតប្រជាមតិជាមុនសិន។ ម្យ៉ាងវិញទៀត បើតាមលោក ហ្សេលេនស្គី សន្ធិសញ្ញា ឬកិច្ចព្រមព្រៀងសន្តិភាពនឹងមិនអាចសម្រេចបានឡើយ បើគ្មានការដកកងទ័ពរុស្ស៊ី និងបទឈប់បាញ់ពេញលេញមួយ៕