(ប្រ៊ុចសែល)៖ មេដឹកនាំប្រទេសលោកខាងលិចបានព្រមព្រៀងគ្នាកាលពីថ្ងៃពុធ ដើម្បីពង្រឹងកងកម្លាំងរបស់ពួកគេនៅលើផ្នែកខាងកើតរបស់អឺរ៉ុប បង្កើនជំនួយយោធាដល់អ៊ុយក្រែន និងរឹតបន្តឹងទណ្ឌកម្មលើរុស្ស៊ី ជុំវិញបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២។

នៅក្នុងកិច្ចប្រជុំកំពូលត្រីភាគីដែលមិនធ្លាប់មានពីមុនមក អង្គការណាតូ ប្រទេសអ្នកមាន G7 និងមេដឹកនាំអឺរ៉ុប បានស្វែងរកដំណោះស្រាយជម្លោះដ៏ធំបំផុតរបស់ទ្វីបនេះ ចាប់តាំងពីសង្រ្គាមបាល់កង់នៃទសវត្សរ៍ឆ្នាំ១៩៩០។

អង្គការណាតូបានប្រកាសក្រុមប្រយុទ្ធថ្មី សម្រាប់បញ្ជូនទៅប្រទេសចំនួនបួននៅអឺរ៉ុបខាងកើត ខណៈដែលសហរដ្ឋអាមេរិក និងអង់គ្លេសបានពង្រីកការដាក់ទណ្ឌកម្មដើម្បីសម្រេចគោលដៅថ្មី ក្នុងរួមទាំងស្ត្រីនៅទីក្រុងឡុងដ៍ម្នាក់ ដែលត្រូវបាននិយាយថា ជាកូនស្រីចុងរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ផងដែរ។

នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានប្រាប់សភាអឺរ៉ុបថា «យើងត្រូវតែធានាថា ការសម្រេចចិត្តឈ្លានពានប្រទេសឯករាជ្យអធិបតេយ្យមួយ នឹងត្រូវតែជាការបរាជ័យជាយុទ្ធសាស្ត្រ ដែលនាំមកជាមួយនូវការចំណាយដ៏អាក្រក់សម្រាប់លោក ពូទីន និងរុស្ស៊ី»។

គួរបញ្ជាក់ថា ប្រទេសជាច្រើនបានប្រកាសផ្តល់ជំនួយយោធា និងមនុស្សធម៌ថ្មីដល់ប្រទេសអ៊ុយក្រែន រួមទាំងការសន្យាទទួលយកជនភៀសខ្លួនផងដែរ។ ហើយសហភាពអឺរ៉ុប ក៏បានកំណត់គោលដៅដើម្បីផ្តាច់ខ្លួនចេញពីពឹងផ្អែកលើថាមពលរុស្ស៊ីទៀតផង៕