(ប៉ារីស)៖ រដ្ឋអាជ្ញាប្រឆាំងភេរវកម្មនៃប្រទេសបារាំង បានបើកការស៊ើបអង្កេតបឋមលើការធ្វើទារុណកម្ម និងអំពើព្រៃផ្សៃដែលត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តឡើងដោយឧត្តមសេនីយ៍នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម លោក អះម៉ាត់ ណាសៀ អាល់រ៉ៃស៊ី (Ahmed Nasser al-Raisi) ដែលបានជាប់ជា ប្រធានប៉ូលិសអន្តរជាតិអាំងទែប៉ូល (Interpol) កាលពីខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២។

ទីភ្នាក់ងារសារព័ត៌មាន AFP ដោយផ្អែកលើការស្រង់ប្រភពចេញពីតុលាការបារាំងបានឱ្យដឹងទៀតថា ការស៊ើបអង្កេតនេះធ្វើឡើងបន្ទាប់ពីមាន
ពាក្យបណ្តឹងផ្លូវច្បាប់របស់អង្គការក្រៅរដ្ឋាភិបាលមួយ ឲ្យលោក អាល់រៃស៊ី ទទួលខុសត្រូវចំពោះការធ្វើទារុណកម្ម លើសកម្មជនប្រឆាំងដ៏លេចធ្លោម្នាក់ កាលពីអំឡុងលោកមានតួនាទីជាមន្ត្រីជាន់ខ្ពស់នៅក្រសួងមហាផ្ទៃអេមីរ៉ាតអារ៉ាប់រួម។

លោក al-Raisi ត្រូវបានអង្គការសិទ្ធិមនុស្សដាក់ពាក្យប្ដឹង អំឡុងពេលដែលលោកឈរឈ្មោះ ប៉ុន្តែលោកនៅតែត្រូវបានគេបោះឆ្នោតឱ្យធ្វើជាប្រធាន ប៉ូលិសអាំងទែប៉ូល កាលពីខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីមានការផ្តល់មូលនិធិដ៏សប្បុរសពីអេមីរ៉ាតអារ៉ាប់រួម ដល់ស្ថាប័ននេះដែលមានមូលដ្ឋាន
នៅទីក្រុងលីយ៉ុង (Lyon) ប្រទេសបារាំង។

គួរបញ្ជាក់ថា លោក Mansoor ដែលជាសកម្មជនប្រឆាំងដ៏លេចធ្លោនៅអេមីរ៉ាតអារ៉ាប់រួម ត្រូវបានចាប់ដាក់ពន្ធនាគារតាំងពីឆ្នាំ២០១៧ ក្នុងបន្ទប់ទំហំ៤
ម៉ែត្រក្រឡា ហើយរស់នៅក្នុងសភាពត្រជាក់ និងគ្មានការការពារអ្វីទាំងអស់ ចំពោះមុខការអនុវត្តទោស១០ឆ្នាំរបស់លោក ពីបទគំរាមកំហែងសន្តិសុខរដ្ឋ៕