(ឡុងដ៍)៖ រដ្ឋាភិបាលអង់គ្លេសបាននិយាយថា ក្រុមហ៊ុនជ្រើសរើសទាហានស៊ីឈ្នួលរុស្ស៊ីឈ្មោះថា Wagner Group ទទួលបានបញ្ជាពីទីក្រុងម៉ូស្គូ ឱ្យចូល ទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងគោលបំណងធ្វើឃាតលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន Wall Street Journal នៅថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២។

រដ្ឋាភិបាលអង់គ្លេស ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងពេលប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុន Wagner Group កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយ មិនបានបង្ហាញភស្តុតាង ឬបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ។ ដោយឡែក ក្រសួងការពារជាតិអង់គ្លេស ក៏បានឱ្យដឹងកាលពីថ្ងៃអាទិត្យសប្ដាហ៍មុនដែរថា ទាហានស៊ីឈ្នួលរុស្ស៊ីមកពីក្រុមហ៊ុន Wagner បានចូលទៅក្នុងប្រទេសអ៊ុយក្រែនហើយជាមួយគោលដៅធ្វើឃាតមន្ត្រីកំពូលៗរបស់អ៊ុយក្រែន ក្នុងនោះ រួមមានទាំងលោក ហ្សេលេនស្គីផងដែរ។ ប៉ុន្តែ រុស្ស៊ីធ្លាប់បានច្រានចោលការចោទប្រកាន់បែបនេះ។

គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃក្រោយសង្រ្គាមផ្ទុះឡើង, លោក ហ្សេលេនស្គីផ្ទាល់បានអះអាងថារុស្ស៊ីបានកំណត់រូបលោកជាគោលដៅទី១ ហើយក្រុមគ្រួសារ របស់លោកជាគោលដៅទី២៕