(ល្វីវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃសុក្រនេះបាននិយាយថាប្រជាជនអ៊ុយក្រែនចង់បានសន្តិភាព និងការបញ្ឈប់ការ ទម្លាក់គ្រាប់បែករបស់រុស្ស៊ី ដែលកំពុងបង្ខំឱ្យជនស៊ីវិលរាប់លាននាក់ រត់ភៀសខ្លួនចេញពីប្រទេសទៅកាន់ប្រទេសក្បែរខាងដូចជាប៉ូឡូញ ជាទីដែល ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ត្រូវបំពេញទស្សនកិច្ច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២។

នៅក្នុងសារជាវីដេអូមួយ, លោក ហ្សេលេនស្គី បានអំពាវនាវជាថ្មីឱ្យបណ្ដាមេដឹកនាំលោកខាងលិចទាំងអស់ មានជំហរដើម្បីហេតុផលតែមួយ ហើយធ្វើ ដូច្នេះបាន ទើបរុស្ស៊ីអាចយល់បានថា «ពួកយើងចង់បានសន្តិភាព ហើយរុស្ស៊ីក៏ចាំបាច់សម្រេចឱ្យបាននូវសន្តិភាពផងដែរ»។ លោកបន្ថែមដូច្នេះថា «ជារៀងរាល់ថ្ងៃ, យើងប្រឹងការពារ, យើងកាន់តែខិតជិតទៅរកសន្តិភាពដែលយើងត្រូវការជាទីបំផុត...ហើយអ្នកមិនអាចឈប់បានឡើយសូម្បីតែមួយ នាទី។ ពីព្រោះថាគ្រប់នាទីគឺជាជោគវាសនារបស់យើង, ជាអនាគតតបស់យើង និងបញ្ជាក់ថាតើយើងអាចរស់ ឬមិនរស់»

គួរបញ្ជាក់ថា នៅក្រោយបញ្ចប់កិច្ចប្រជុំកំពូលជាមួយជាមេដឹកនាំលោកខាងលិច ក្នុងទីក្រុងព្រុចសែល, លោក ចូ បៃដិនគ្រោងនឹងបំពេញទស្សនកិច្ច ទៅកាន់ប្រទេសប៉ូឡូញ នៅថ្ងៃសុក្រសប្ដាហ៍នេះ។ នៅក្នុងកិច្ចប្រជុំនោះ, លោក បៃដិន និងមេដឹកនាំលោកខាងលិចបានឯកភាពបង្កើនការដាក់ទណ្ឌកម្ម លើរុស្ស៊ី ហើយបន្តផ្ដល់ការគាំទ្រដល់អ៊ុយក្រែន ប៉ុន្តែក៏បានអះអាងដែរថាពួកគេនឹងមិនបញ្ជូនកងទ័ពឱ្យទៅជួយអ៊ុយក្រែន ដើម្បីប្រយុទ្ធតតាំងដោយផ្ទាល់ ជាមួយរុស្ស៊ីនោះទេ៕