(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនរុស្ស៊ីចំនួន ២ និងអង្គភាពមួយរបស់កូរ៉េខាងជើង ពាក់ព័ន្ធនឹងការផ្ទេរសម្ភារៈចាំបាច់សម្រាប់កម្មវិធីមីស៊ីលកូរ៉េខាងជើង។ នេះបើតាមក្រសួងការបរទេសអាមេរិក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថាក្រុមហ៊ុនរុស្ស៊ី ចំនួន២ ដែលជាប់ទណ្ឌកម្ម រួមមានក្រុមហ៊ុន Ardis Group of Companies LLC និងក្រុមហ៊ុន PFK Profpodshipnik LLC។ ចំណែកឯ អង្គភាពមួយ របស់កូរ៉េខាងជើងដែលជាប់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែរនោះ គឺការិយាល័យកិច្ចការបរទេសនៃបណ្ឌិតសភាវិទ្យាសាស្ត្រធម្មជាតិទី២ ខណៈ ជនជាតិរុស្ស៊ីម្នាក់ឈ្មោះ អ៉ីហ្គ័រ អាឡិចសាន់ដ្រូវិច មីឈូរីន (Igor Aleksandrovich Michurin) និងជនជាតិកូរ៉េខាងជើងឈ្មោះ រី ស៊ុន ឈុល (Ri Sung Chol) ក៏ត្រូវជាប់ទណ្ឌកម្មនេះដែរ។

គួរបញ្ជាក់ថា ការប្រកាសដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ធ្វើឡើងក្នុងថ្ងៃតែមួយដែលកូរ៉េខាងជើងបានធ្វើតេស្ដមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៧មក៕