(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលរួមត្រួតពិនិត្យដោយផ្ទាល់នូវការបាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ស៊េរីថ្មី មួយ ដើម្បីពង្រឹងសមត្ថភាពយោធា និងជាការត្រៀមលក្ខណៈប្រឈមមុខរយៈពេលវែងជាមួយចក្រពត្តិអាមេរិក។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២។

ការបាញ់សាកល្បងមីស៊ីលកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ គឺជាការធ្វើតេស្ដមីស៊ីលដ៏មានឥទ្ធិពលបំផុតរបស់កូរ៉េខាងជើងជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៧មក ដោយមីស៊ីលនេះត្រូវបានគេរាយការណ៍ថា អាចហោះនៅរយៈកម្ពស់ខ្ពស់ និងធ្វើដំណើរបានឆ្ងាយជាងមីស៊ីល ICBM ដែលទីក្រុងព្យុងយ៉ាងបាញ់សាកល្បងកន្លងមក។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រនេះ បានបញ្ជាក់ថាវាជាប្រភេទមីស៊ីលវ៉ាសុង-១៧ (Hwasong-17) ដែលត្រូវបានធ្វើតេស្ដក្រោម ការត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់ពីលោក គីម ជុងអ៊ុន ហើយមីស៊ីលនេះអាចហោះបានក្នុងរយៈកម្ពស់អតិបរមា ៦,២៤៨.៥គីឡូម៉ែត្រ និងចម្ងាយ ១,០៩០គីឡូម៉ែត្រ ពីគោលដៅដែលបានកំណត់។

គួរបញ្ជាក់ថា បើតាម KCNA, Hwasong-17 គឺជាមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ដែលកូរ៉េខាងជើងសម្ញែងជាលើកដំបូងក្នុងព្យុហយាត្រាយោធា កាលពីខែតុលា ឆ្នាំ២០២០ និងត្រូវបានអ្នកជំនាញខ្លះដាក់រហ័ស្សនាមឱ្យថា «មីស៊ីលបិសាច»៕