(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានប្រកាសដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតលើប្រទេសរុស្ស៊ី ដោយផ្តោតលើក្រុមហ៊ុនការពារជាតិរុស្ស៊ីរាប់សិបក្រុមហ៊ុន សមាជិកសភារាប់រយនាក់ និងនាយកប្រតិបត្តិនៃធនាគារធំជាងគេរបស់ប្រទេសនេះ ខណៈដែលក្រុងវ៉ាស៊ីនតោនបង្កើនសម្ពាធលើទីក្រុងមូស្គូជុំវិញការលុកលុយអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២។

ក្រសួងរតនាគារសហរដ្ឋអាមេរិកក៏បានចេញសេចក្តីណែនាំនៅលើគេហទំព័ររបស់ខ្លួនដោយព្រមានថា ប្រតិបត្តិការទាក់ទងនឹងមាសដែលពាក់ព័ន្ធនឹងប្រទេសរុស្ស៊ីអាចត្រូវបានដាក់ទណ្ឌកម្មដោយអាជ្ញាធរសហរដ្ឋអាមេរិកផងដែរ ដែលជាវិធានការមួយក្នុងគោលបំណងបញ្ឈប់ប្រទេសរុស្ស៊ីពីការគេចចេញពីទណ្ឌកម្មដែលមានស្រាប់។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបបាននិយាយថា «គោលបំណងរបស់យើងនៅទីនេះគឺដើម្បីដកយកអត្ថប្រយោជន៍ និងឯកសិទ្ធិនានាដែលរុស្ស៊ីធ្លាប់ទទួលបានក្នុងនាមជាអ្នកចូលរួមក្នុងសណ្តាប់ធ្នាប់សេដ្ឋកិច្ចអន្តរជាតិ»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានដាក់ទណ្ឌកម្មជាច្រើនលើក រួមទាំងកំណត់គោលដៅលើធនាគារដ៏ធំបំផុតរបស់ប្រទេស និងប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ចាប់តាំងពីទាហានរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីមួយខែមុន ក្នុងការវាយប្រហារដ៏ធំបំផុតលើប្រទេសអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក៕