(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បានទទូចឲ្យមានការតវ៉ាតាមដងផ្លូវជាសកល ដើម្បីប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ី ដែលបានអូសបន្លាយរយៈពេលមួយខែមកហើយ ហើយលោកក៏បានអំពាវនាវដល់ ក្រុមមេដឹកនំាប្រជាធិបតេយ្យ ដែលកំពុងចូលរួមក្នុងកិច្ចប្រជុំពិសេសនាថ្ងៃព្រហស្បតិ៍នេះ ឲ្យផ្តល់អាវុធទំនើបៗ

បន្ថែមទៀតមកអ៊ុយក្រែនផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ កាលពីយប់ថ្ងៃពុធម្សិលមិញ លោក ហ្សេលេនស្គី បានអំពាវនាវដល់ពិភពលោក «ឲ្យជួយសង្រ្គោះនិងធានាការរស់រានមានជីវិត សម្រាប់ប្រជាជាតិរបស់លោក»។ លោកនិយាយថា «ពិភពលោកត្រូវតែបញ្ចប់សង្រ្គាម, ចូរអ្នកទាំងអស់គ្នាចេញមក ដើម្បីជួយគាំទ្រសេរីភាព និងសិទ្ធិរស់រានមានជីវិតរបស់អ៊ុយក្រែន»

ថ្លែងទៅកាន់ក្រុមមេដឹកនាំ G7, NATO និងសហភាពអឺរ៉ុប ដែលកំពុងជួបជុំនៅទីក្រុងព្រុចសែល លោក ហ្សេលេនស្គី បានអំពាវនាវ
ឲ្យបង្កើនការផ្តល់សព្វាវុធមកឲ្យអ៊ុយក្រែន រួមមានយន្តហោះចម្បាំងទំនើបៗ, ប្រព័ន្ធការពារមីស៊ីល, រថក្រោះ, រថពាសដែក, និងមីស៊ីលប្រឆាំងនាវាមុជទឹក ជាដើម។

គួរបញ្ជាក់ថា ចាប់តាំងពីរុស្ស៉ីបានបើកប្រតិបត្តិការយោធាលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ដែលគិតមកទល់ពេលនេះ គឺ១ខែគត់នោះ ប្រជាជនអ៊ុយក្រែនជាង១០លាននាក់ហើយ បានព្រាត់ប្រាស់ពីផ្ទះសម្បែងពួកគេ ដោយក្នុងនោះរាប់លាននាក់ បានភៀសខ្លួនចេញពីប្រទេសតែម្តង ខណៈទីក្រុងជាច្រើនទទួលរងការទម្លាក់គ្រាប់បែកនិងមីស៉ីល ទាំងតាមផ្លូវគោក, ផ្លូវទឹក និងផ្លូវអាកាស ពីសំណាក់យោធារុស្ស៉ី៕