(ប៉េកាំង)៖ នាពេលថ្មីកន្លងទៅនេះ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បានចេញផ្សាយសេក្តីថ្លែងការណ៍ ដោយអះអាងថា នឹងអនុវត្តវិធានការដាក់កំហិតចំពោះការផ្តល់ទិដ្ឋាការ ដល់មន្ត្រីចិនមួយចំនួនទាំងក្នុងស្រុកនិងនៅបរទេស ព្រមទាំងក្នុងដែនអាមេរិក។ អ្នកនយោបាយអាមេរិកដែលបាននិងកំពុងជាប់ជំពាក់ បំណុលសិទ្ធិមនុស្សយ៉ាងច្រើនសន្ធឹកនៅទូទាំងពិភពលោក បាននិយាយប្រែសជាខ្មៅ ដូចចោរស្រែកចាប់ចោរសុទ្ធសាធ ដែលបានបង្ហាញឱ្យឃើញនូវពុតត្បុតនិង «ស្តង់ដារពីរ» នៃអ្វីដែលហៅថា «អ្នកគាំពារសិទ្ធិមនុស្ស»

គួររំលឹកថា ពីប្រទេសអ៊ីរ៉ាក់ អាហ្វហ្កានីស្ថាន ស៊ីរីរហូតដល់អ៊ុយក្រែន ការពិតជាក់ស្តែងដ៏ច្រើនរាប់មិនអស់ បានបញ្ជាក់ថា សហរដ្ឋអាមេរិកជា អ្នករំលោភសិទ្ធិមនុស្សខ្លាំងបំផុត នៅលើពិភពលោក។ ពួកគេបាននិងកំពុងបំផុសសង្គ្រាម និងបង្កភាពវឹកវរដែលបាននាំមកនូវគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរ ដល់ប្រជាជននៅតំបន់ជាច្រើនលើពិភពលោក។

ចំណែកឯសភាពការណ៍សិទ្ធិមនុស្សក្នុងស្រុករបស់អាមេរិកវិញ អាចនិយាយបានថា មានសភាពកាន់តែអាក្រក់ទៅៗ។ ចាប់ពីបានបង្កើតរដ្ឋមក សហរដ្ឋអាមេរិកបានដកហូតជាប្រព័ន្ធ នូវសិទ្ធិរស់រានមានជីវិតនិងសិទ្ធិជាមូលដ្ឋាន ដូចជាសិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ចនិងសិទ្ធិវប្បធម៌ជាដើម របស់ជនជាតិឥណ្ឌាអាមេរិកាំង តាមរយៈមធ្យោបាយ ដូចជា ការសម្លាប់រង្គាល បណ្តេញនិងបង្ខំឱ្យកែប្រែទម្លាប់រស់នៅ ឱ្យដូចគ្នានឹងជនជាតិស្បែកសជាដើម ដែលជាការប៉ុនប៉ងធ្វើឱ្យក្រុមជាតិសាសន៍នេះ រលាយសាបសូន្យទាំងរូបកាយនិងវប្បធម៌។ គិតរហូតដល់បច្ចុប្បន្ននេះ ជនជាតិឥណ្ឌាអាមេរិកាំងនៅតែប្រឈមនឹង វិបត្តិខាងការរស់រានមានជីវិតយ៉ាងធ្ងន់ធ្ងរដដែល។

ព្រមពេលជាមួយគ្នានេះ អ្នកនយោបាយអាមេរិកក៏បានជំពាក់ ការពន្យល់ប្រកបដោយទំនួលខុសត្រូវ ចំពោះប្រជាជនអាមេរិក ពោលគឺ ហេតុអ្វីបានជាប្រទេសមហាអំណាចតែមួយគត់នៅលើពិភពលោក បានក្លាយជា «ប្រទេសទទួលបរាជ័យធំជាងគេ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩»? យោងតាមទិន្នន័យស្ថិតិថ្មីបំផុតនៃសកលវិទ្យាល័យ Johns Hopkins របស់អាមេរិកបានឱ្យដឹងថា បច្ចុប្បន្ននេះ អាមេរិកបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ជិត៨០លាននាក់ ករណីស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួនជិត ១លាននាក់។

សូមបញ្ជាក់ថា តើសភាពការណ៍សិទ្ធិមនុស្សរបស់ចិនយ៉ាងណា ប្រជាជនចិនជាអ្នកមានសិទ្ធិបញ្ចេញមតិបំផុត។ ចាប់ពីរដ្ឋាភិបាលចិនបាននិងកំពុងធ្វើការខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ទោះក្នុងតម្លៃណាក៏ដោយដើម្បីព្យាបាល និងគាំពារសុវត្ថិភាពអាយុជីវិត និងសុខភាពរបស់ប្រជាជនគ្រប់រូប រហូតដល់ការជួយប្រជាជនចិនចំនួនជាង ១,៤០០លាននាក់ ឱ្យបម្រះខ្លួនចេញផុតពីភាពក្រីក្រ ការពិតជាក់ស្តែងបានបញ្ជាក់ថា បក្សកាន់អំណាចចិនបានប្រកាន់ខ្ជាប់ ទស្សនៈសិទ្ធិមនុស្សដែលតម្កល់ទុកប្រជាជនជាស្នូល ជាប់រហូតមក។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ មុននឹងលោក Antony Blinken បានចេញផ្សាយសេក្តីថ្លែងការណ៍នេះ ប្រមុខរដ្ឋចិននិងអាមេរិក បានជួបសន្ទនាតាមប្រព័ន្ធវីដេអូម្តងទៀត។ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានរំលឹកឡើងវិញថា សហរដ្ឋអាមេរិកមិនស្វែងរកការធ្វើ «សង្រ្គាមត្រជាក់ថ្មី» ជាមួយប្រទេសចិន មិនស្វែងរកការកែប្រែប្រព័ន្ធរបបរបស់ចិន មិនស្វែងរកការបង្កើនទំនាក់ទំនងជាមួយ សម័្ពន្ធមិត្តដើម្បីប្រឆាំងប្រទេសចិន ក៏ដូចជាមិនគាំទ្រ «ឱ្យតៃវ៉ាន់ឯករាជ្យ» និងគ្មានចេតនាប៉ះទង្គិចជាមួយប្រទេសចិននោះឡើយ។

យ៉ាងណាមិញ លើកនេះ លោក Antony Blinken បែរជាបានមួលបង្កាច់និងលាបពណ៌លើប្រទេសចិន ព្រមនិងគាបសង្កត់មន្រ្តីចិនដោយគ្មានហេតុផល ដោយយកសិទ្ធិមនុស្សធ្វើជាលេស វាបានល្មើសយ៉ាងកម្រោល នូវគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋចិននិងអាមេរិក ក៏ដូចជាមិនអើពើនឹងពាក្យសន្យានយោបាយរបស់ លោកប្រធានាធិបតី ចូ បៃដិន ផងដែរ។ តើគាត់ចង់បំពានលើទំនុកចិត្តនិងសច្ចៈភាព ម្តងទៀតមែនទេ?

សិទ្ធិមនុស្សជាគុណតម្លៃរួមរបស់មនុស្សជាតិទាំងមូល តែមិនមែនជាឧបករណ៍នយោបាយ សម្រាប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃនោះទេ។ អ្នកនយោបាយអាមេរិកមួយចំនួន ចាំបាច់ត្រូវពិនិត្យកំហុសរបស់ខ្លួន ក៏ដូចជាលុបចោលភ្លាមៗនូវអ្វីដែលហៅថា «ការដាក់ទណ្ឌកម្មលើមន្ត្រីចិន»។ បើពុំនោះសោត ភាគីចិនមុខជានឹងចាត់វិធានការ ដាក់ទណ្ឌកម្មដូចគ្នាវិញជាក់ជាមិនខាន៕