(កាប៊ុល)៖ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានធ្វើដំណើរមកដល់ទីក្រុងកាប៊ុល នៅថ្ងៃព្រហស្បតិ៍នេះគឺ១សប្តាហ៍មុនពេល ទីក្រុងប៉េកាំងធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំជាមួយបណ្តាប្រទេសជិតខាងអាហ្វហ្កានីស្ថាន ដើម្បីពិនិត្យលើលទ្ធភាព ដើម្បីជួយដល់អាហ្វហ្កានីស្ថាន ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។

មន្រ្តីកំពូលម្នាក់នៃរដ្ឋាភិបាលតាលីបង់ បានសរសេរនៅលើប្រព័ន្ធ Twitter យ៉ាងដូច្នេះថា «រដ្ឋមន្រ្តីការបរទេសចិន បានមកដល់អាហ្វហ្កានីស្ថាន សម្រាប់ជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំតាលីបង់»។ លោក វ៉ាង បានមកដល់ទីក្រុងកាប៊ុល ដោយចេញពីរដ្ឋធានីអ៉ីស្លាម៉ាបាដ នៃប្រទេសប៉ាគីស្ថាន ជាទីដែលលោកបានចូលរួម កិច្ចប្រជុំរយៈពេល២ថ្ងៃ របស់អង្គការកិច្ចសហប្រតិបត្តិការឥស្លាមម OIC។

គួរបញ្ជាក់ថា តាំងពីមុនពេល ក្រុមតាលីបង់ឡើងកាន់កាប់អំណាច នៅប្រទេសអាហ្វហ្កានីស្ថាន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ទៅទៀត ទីក្រុងប៉េកាំងបានបន្តព្យាយាមរក្សាទំនាក់ទំនងជាមួយតាលីបង់ ខណៈក្រុមយោធាចម្រុះដឹកដោយសហរដ្ឋអាមេរិក ធ្វើការដកខ្លួនចេញពីអាហ្វហ្កានីស្ថាន៕