(មែលប៊ន)៖ នាយករដ្ឋមន្រ្តីអូស្ត្រាលី លោក ស្កុត ម៉ូរីសសុន (Scott Morrison) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាការអនុញ្ញាតឲ្យប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Putin) អង្គុយជាមួយមេដឹកនាំពិភពលោកផ្សេងទៀតក្នុងកិច្ចប្រជុំកំពូល G20 នៅឆ្នាំនេះ គឺនឹងមិនអាចទទួលយកបាននោះឡើយ ចំពោះមុខសង្រ្គាមក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២។

លោក ម៉ូរីសសុន បានថ្លែងប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុងមែលប៊ន (Melbourne) ថា «រុស្ស៊ីបានវាយប្រហារអ៊ុយក្រែន ហើយនេះជាអំពើហិង្សានិងគឃ្លើន ដែលបំផ្លាញច្បាប់អន្តរជាតិ។ ខ្ញុំគិតថា បុគ្គលដែលអង្គុយជាមួយយើងក្នុងបន្ទប់ប្រជុំ មិនគួរមានអ្នកដែលឈ្លានពានប្រទេសដទៃនោះទេ»

លោកនាយករដ្ឋមន្រ្តីអូស្រ្តាលី បានបន្ថែមថា លោកនឹងទាក់ទងដោយផ្ទាល់ទៅកាន់ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) ឲ្យពិចារណាចំពោះ វត្តមានរបស់លោក ពូទីន នៅក្នុងកិច្ចប្រជុំដែលប្រមូលផ្តុំដោយ មេដឹកនាំប្រទេសដែលមានសេដ្ឋកិច្ចកំពូលទាំង២០ លើពិភពលោក រួមមានទាំង សហរដ្ឋអាមេរិក, ចិន, ជប៉ុន និងប្រទេសអឺរ៉ុបមួយចំនួន»។

គួរបញ្ជាក់ថា បើតាមការឱ្យដឹងពីឯកអគ្គរដ្ឋទូរុស្ស៊ីប្រចាំឥណ្ឌូណេស៊ី លោក ពូទីន ត្រូវបានអញ្ជើញកាលពីខែវិច្ឆកា ឆ្នាំ២០២១ ឲ្យចូលរួមក្នុងកិច្ចប្រជុំមេដឹកនាំ G20 ដែលទីក្រុងហ្សាការតានឹងធ្វើជាម្ចាស់ផ្ទះ នៅចុងខែតុលា ឆ្នាំនេះ ហើយលោក ពូទីន ក៏មានបំណងទៅចូលរួម នៅទីនោះផងដែរ»។ ប៉ុន្តែលោក ម៉ូរីសសុន បានជំទាស់ទៅនឹងការចូលរួមរបស់លោក ពូទីន ដោយលើកឡើងពីប្រតិបត្តិការយោធាបច្ចុប្បន្ន របស់ទីក្រុងមូស្គូ ក្នុងប្រទេសអ៊ុយក្រែន៕