(ភ្នំពេញ)៖ ប្រទេសចិន និងកម្ពុជាជាមិត្តដែកថែបគ្រប់រដូវកាល ទំនាក់ទំនងនៃប្រទេសទាំងពីរត្រូវបានពង្រឹងពង្រីក ជាបន្តបន្ទាប់លើគ្រប់វិស័យដូចជា៖ វិស័យការទូត សេដ្ឋកិច្ច ពាណិជ្ជកម្មនិងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាពិសេសវិស័យសុខាភិបាល។ ជាក់ស្តែងមួយរយៈចុងក្រោយនេះ គេឃើញថា ប្រទេសចិនបានចូលរួមយ៉ាងសកម្ម ក្នុងការគាំទ្រដល់ក្រុមគ្រូពេទ្យ និងការសាងសង់មន្ទីរពេទ្យនៅកម្ពុជា ទាំងនៅភ្នំពេញ និងតាមខេត្ត ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ អាចមានលទ្ធភាពព្យាបាលជំងឺ ចំណាយថវិកាតិច មិនពិបាកធ្វើដំណើរចេញទៅព្យាបាល នៅក្រៅប្រទេសដូចកាលពីមុន។

លោកបណ្ឌិតជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានប្រាប់អ្នកយកព័ត៌មានវិទ្យុមិត្តភាពកម្ពុជាចិនថា វិស័យសុខាភិបាលគឺជាវិស័យអាទិភាព ក្នុងចំណោមវិស័យអាទិភាពផ្សេងៗសម្រាប់ អភិវឌ្ឍន៍សង្គមជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

សំឡេង៖ «យើងបានដឹងហើយថា សុខភាពល្អគឺជាតម្រូវការសំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋ ហើយសុខភាពល្អក៏ជាកត្តាលើកតម្កើង នូវធនធាន និងប្រាជ្ញាមនុស្សផងដែរ។ ចាប់តាំងពីពេលចាប់ផ្តើមរហូតមកដល់បច្ចុប្បន្ននេះ។ ជំនួយរបស់ចិនបានចូលរួមជួយកម្ពុជា ក៏ដូចជាបណ្តាប្រទេសនៅលើពិភពលោកទាំងការកាសាងហេដ្ឋារចនាសម្ព័ន្ធ ផ្នែករឹង ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ឬក៏វិស័យអាទិភាពសម្រាប់អភិវឌ្ឍន៍សង្គម និងកាត់បន្ថយភាពក្រីក្រដល់មនុស្សជាតិ។ ក្រៅពីនេះ ជំនួយរបស់ចិន ក៏បានចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសុខាភិបាល ដែលហៅថាផ្នែកទន់ ជាក់ស្តែងកាលពីសប្តាហ៍មុនចិនបានបញ្ជូនក្រុមគ្រូពេទ្យបុរាណចិនមកជួយបណ្តុះបណ្តាលចែករំលែកបទពិសោធន៍និងជួយព្យាបាលកូវីដ-១៩ដល់គ្រូពេទ្យកម្ពុជាផងដែរ»

លោកបណ្ឌិតបញ្ជាក់ទៀតថា ការផ្ដល់ជំនួយរបស់ចិនមកកម្ពុជាជាបន្តបន្ទាប់នេះ គឺជារួមគ្នាកសាងជោគវាសនាសហគមន៍រួមរបស់កម្ពុជា-ចិន ដោយឈទៅលើការបំពេញបាននូវតម្រូវការសុខភាព ការអភិវឌ្ឍវិស័យអាទិភាពនានានៅកម្ពុជា ដើម្បីឈានទៅលុបបំបាត់ភាពក្រីក្ររបស់ប្រជាជន។

ឯកឧត្តមជា ច័ន្ទ បរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកវិភាគផ្នែកសង្គមនៅកម្ពុជា បានប្រាប់វិទ្យុមិត្តភាពកម្ពុជាចិនដែរថា ជំនួយរបស់ប្រទេសចិនលើផ្នែកសុខាភិបាលគឺមានកត្តាបីសំខាន់ៗ៖ ទី១ ការធ្វើទំនើបកម្មទាក់ទងទៅនឹងសម្ភារៈបច្ចេកទេស, ទី២ ការធ្វើទំនើបកម្មទៅលើការព្យាបាលជំងឺ និងទីបីបង្ហាញឱ្យឃើញពីកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្ត្រកម្ពុជា និងចិន។ ដែលទាំងនេះ បានបម្រើដល់សុខភាពរបស់ប្រជាពលរដ្ឋ ជាក់ស្តែងគឺបញ្ហាកូវីដ១៩ គឺកម្ពុជាទទួលបានវ៉ាក់សាំងនិងជំនួយបច្ចេកទេសពី គ្រូពេទ្យចិនសម្រាប់ជាមួលដ្ឋានក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩។

ឯកឧត្តមបញ្ជាក់ថា ជំនួយរបស់ចិនពិតបានធ្វើឱ្យវិស័យសុខាភិបាលកម្ពុជាកាន់តែមានភាពរីកចម្រើន និងចូលរួមកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ព្រោះសុខភាពជារឿងសំខាន់សម្រាប់ប្រជាពលដ្ឋ។

សំឡេង៖ «ជាការពិតណាស់ការវិនិយោគ ក៏ដូចជាការជួយលើវិស័យសុខភាពរបស់រាជដ្ឋាភិបាល ជាការជួយសម្រាលបន្ទុករបស់ប្រជាជនកម្ពុជាសម្បើមណាស់ ទោះក្នុងរូបភាពណាក៏ដោយពួកគាត់ ខិតខំស្រវ៉េស្រវ៉ាខ្ចីបុលគេដើម្បីព្យបាលខ្លួន។ ហើយពេលរាជរដ្ឋាភិបាលខិតខំពង្រឹងវិស័យសុខាភិបាលកាន់តែល្អបែបនេះ គឺសម្រាលបន្ទុក និងផ្តល់ក្តីសង្ឃឹមច្រើនដល់ប្រជាពលរដ្ឋ ព្រមទាំងអាចពន្យាអាយុ នៃការស់របស់ប្រជាជនកម្ពុជាកាន់តែវែង។ ទាំងនេះកើតចេញពីការខិតខំរបស់រាជរាជរដ្ឋាភិបាលកម្ពុជា និងការផ្តល់ជំនួយរបស់ចិន»

ប្រិយមិត្តជាទីមេត្រី! បើនិយាយពីជំនួយ របស់ប្រទេសចិនពាក់ព័ន្ធទៅនឹងវិស័យសុខាភិបាល គឺគ្រាន់តែនៅដើម២០២២នេះ មន្ទីរពេទ្យធំៗ ចំនួនពីរត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាងវិនធៀន ឯកអគ្គរដ្ឋទូត វិសមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាកម្ពុជា។ ដែលមន្ទីពេទ្យទាំងពីរនោះ គឺទីមួយគឺមន្ទីរពេទ្យ មិត្ត ភាពកម្ពុជា-ចិនត្បូងឃ្មុំ តម្លៃប្រមាណ៤៥លានដុល្លារសម្ពោធ កាលពីថ្ងៃទី៧ខែមីនា ដែលមន្ទីរពេទ្យនេះ មានទទួលព្យាបាល ផ្នែកជំងឺទូទៅ, ផ្នែកជំងឺកុមារ, ផ្នែកជំងឺឆ្លង, ផ្នែកពិគ្រោះជំងឺក្រៅ ,ផ្នែកប្រពោធនកម្ម (ICU), ផ្នែកសង្គ្រោះបន្ទាន់ ,ផ្នែកវះកាត់, ផ្នែករោគស្ត្រីនិងសម្រាលកូន, ផ្នែករូបភាពវេជ្ជសាស្ត្រ, ផ្នែកមន្ទីរពិសោធន៍ជាដើម។ ទីពីរមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈមានតម្លៃ៨០លានដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើស់នៅថ្ងៃទី២១ខែមីនា ឆ្នាំ២០២២ ។ មន្ទីរពេទ្យនេះមានបំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ហើយត្រូវបានធ្វើទំនើបកម្មកាន់ តែខ្លាំងបន្ថែមលើជំនាញវះកាត់ជាមួយឧបករណ៍វេជ្ជសាស្ត្រ ដែលប្រើបច្ចេកវិទ្យាចុងក្រោយកម្រិត អន្តរជាតិ។ មានសមត្ថភាពវះកាត់ឆ្អឹង ប្តូរក្រលាន ប្តូរក្បាលឆ្អឹង ប្តូរតម្រងនោម វះកាត់បេះដូង វះកាត់សួត និងអាចដូរអវៈយវៈដូចជាតម្រង នោម និងថ្លើមជាដើម។

របាយការណ៍ក្រសុខាភិបាលកម្ពុជាបានឱ្យដឹងថា មន្ទីរពេទ្យកម្ពុជា-ចិនព្រះកុសុមៈ ត្រូវបានរៀបចំឡើងដោយស្រប តាមនិយាមអន្តរជាតិ ពោលមន្ទីរពេទ្យទំនើបៗ នៅលើពិភពលោកមានបំពាក់ឧបករណ៍វេជ្ជសាស្ត្រអ្វី ក៏នៅក្នុងមន្ទីរពេទ្យនេះមានដូចគ្នា។ មន្ទីរពេទ្យនេះ មានសមត្ថភាពព្យាបាលមិនចាញ់មន្ទីរពេទ្យក្រៅប្រទេសនោះឡើយ។ ដូច្នេះវត្តមាននៃមន្ទីរពេទ្យដែលមានឧបករណ៍វេជ្ជសាស្ត្រទំនើបនេះ នឹងកាត់បន្ថយការចេញទៅក្រៅប្រទេស ស្វែងរកសេវាព្យាបាលរបស់ប្រជាពលរដ្ឋខ្មែរ។

ក្រៅពីនេះ ប្រទេសចិន ក៏បានផ្តល់ជំនួយដល់មន្ទីរពេទ្យកម្ពុជា តាមបណ្តារាជធានីខេត្តជាច្រើនទៀតផងដែរ ដើម្បីព្យាបាលប្រជាជនកម្ពុជា។ ជំនួយរបស់ប្រទេសចិនលើវិស័យសុខាភិបាលកម្ពជាជាបន្តបន្ទាប់នេះ ពិតបានផ្តល់នូវសេចទុកចិត្តមួយកម្រិតថែមទៀត សម្រាប់ប្រជាជនកម្ពុជាទៅប្រព័ន្ធសុខាភិបាលរបស់រដ្ឋ ដោយពួកអាចជ្រើសរើសការព្យាបាលជំងឺផ្សេងៗនៅក្នុងស្រុកកាន់តែច្រើន និងមិនចាំបាច់ទៅព្យាបាលនៅបរទេស ដូចមុនទៀតឡើយ។ នៅពេលមានពេទ្យល្អនៅក្នុងប្រទេសបែបនេះ ប្រជាពលរដ្ឋក្រីក្រឬជីវភាពមធ្យម អាចមានលទ្ធភាពស្វែងរក កន្លែងព្យាបាលជំងឺរបស់ពួកគាត់កាន់តែងាយស្រួល ដោយចំណេញទាំងថវិកា និងពេលវេលា សុខភាពក្រុមគ្រួសារល្អ ជីវភាព ក៏រីកចម្រើនផងដែរ៕

(អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន)