(គូឡាឡាំពួ)៖ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី អ៉ីស្មាអែល សាប្រ៊ី យ៉ាកុប (Ismail Sabri Yaakob) កាលពីថ្ងៃពុធសប្តាហ៍នេះ បាននិយាយថា ប្រទេសលោកនឹងពិភាក្សាជាមួយ ក្រុមមេដឹកនាំក្នុងតំបន់ ជុំវិញគោលបំណងចង់ឱ្យយកភាសាម៉ាឡេ ធ្វើជាភាសាទី២ របស់អាស៊ាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២។

លោកនាយករដ្ឋមន្រ្តីម៉ាឡេស៉ី បានអះអាងថា ក្រៅពីប្រទេសម៉ាឡេស៉ីផ្ទាល់ ភាសាម៉ាឡេគឺត្រូវបានគេប្រើក្នុងការនិយាយរួចស្រេចហើយ នៅតាមបណ្តាប្រទេសជាសមាជិកអាស៊ាន ដូចជាឥណ្ឌូណេស៉ី ព្រុយណេ សិង្ហបុរី និងនៅតំបន់ខ្លះនៃប្រទេសថៃ កម្ពុជា ក៏ដូចជាហ្វីលីពីន ជាដើម ខណៈនៅវៀតណាមនិងឡាវ ក៏មានអ្នកនិយាយម៉ាឡេខ្លះៗផងដែរ។

លោក Ismail បានថ្លែងដូច្នេះថា «សឹងតែពេញមួយអាស៊ានទៅហើយ ដែលអាចនិយាយភាសាម៉ាឡេបាន ដូច្នេះវាមិនមានហេតុផលអ្វី ដែលយើងមិនគួរធ្វើឱ្យម៉ាឡេ ក្លាយជាភាសាផ្លូវការមួយរបស់អាស៊ាននោះឡើយ»។ លោក Ismail បានបន្ថែមថា លោកនឹងលើកយកប្រធានបទនេះ ទៅពិភាក្សាជាមួយសមភាគីអាស៊ានរបស់លោក។

គួរបញ្ជាក់ថា លោក Ismail បានលើកឡើងពាក់ព័ន្ធបញ្ហាខាងលើ ពេលឆ្លើយតបចំពោះការសួរសំណួរ នៅក្នុងសភាជាន់ខ្ពស់ម៉ាឡេស៉ី ទាក់ទងទៅនឹងកិច្ចប្រឹងប្រែង ដើម្បីលើកកម្ពស់ភាសាជាតិរបស់ម៉ាឡេស៉ី នៅលើឆាកអន្តរជាតិ៕