(ប៉េកាំង)៖ កាលពីថ្ងៃទី២៣ ខែមីនា មេរៀនទីពីរនៃ «ថ្នាក់រៀនលើលំហអវកាស» បានបើកបង្រៀនក្នុងស្ថានីយអវកាសរបស់ចិន នេះគឺជាលើកទីបីហើយ ដែលអវកាសយានិករបស់ចិនបង្រៀនលើលំហអវកាស។ សកម្មភាពបង្រៀនលើកនេះបានរៀបចំ បន្ទប់រៀនសំខាន់លើផ្ទៃដីនៅសារមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន ហើយរៀបចំបន្ទប់រៀនពីរទៀតនៅក្រុង Lasa ភូមិភាគស្វយ័ត Xizang និងក្រុង Wulumuqi ភូមិភាគស្វយ័ត Xinjiang ផងដែរ។

ថ្ងៃដដែល ក្នុងម៉ោងរៀនដែលមានរយៈពេលប្រហែល៤៥នាទី អវកាសយានិកចិន លោក Zhai Zhigang លោកស្រី Wang Yaping និងលោក Ye Guangfu បានសហការគ្នា បង្ហាញពីការធ្វើពិសោធន៍ «ព្រិលទឹកកក» លើអវកាសក្នុងបរិស្ថានមីក្រូទំនាញ ការញែកទឹកនិងប្រេង និងបោះវត្ថុក្នុងអវកាសជាដើម ដើម្បីពន្យល់ពីទ្រឹស្តីវិទ្យាសាស្ត្រតាមរយៈការធ្វើពិសោធន៍យ៉ាងលម្អិត ព្រមពេលជាមួយគ្នានេះ ក៏បានបង្ហាញពីបរិក្ខារវិទ្យាសាស្ត្រមួយចំនួន ក្នុងស្ថានីយអវកាសនិងឧទ្ទេសនាមអំពី សភាពការណ៍ការងារ និងរស់នៅក្នុងស្ថានីយអវកាសផងដែរ៕