(សេអ៊ូល)៖ យោធានៃប្រទេសកូរ៉េខាងត្បូងនិងជប៉ុន បាននិយាយថា កូរ៉េខាងជើង ទំនងជាបានបាញ់មីស៊ីលផ្លោងបាលីស្ទីគ រយៈចម្ងាយឆ្ងាយមួយគ្រាប់ ឆ្ពោះទៅកាន់តំបន់សមុទ្រខាងកើត នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីការធ្វើតេស្តមីស៉ីល ដែលទីក្រុងសេអ៊ូលអះអាងថា ទទួលបរាជ័យកាលពី ១សប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។

នាយសេនាធិការចម្រុះរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយថា «មានការបាញ់តេស្តគ្រាប់មីស៊ីលមិនទាន់អាចកំណត់ប្រភេទបានចេញពីប្រទេសកូរ៉េខាងជើង ខណៈវាត្រូវបានសន្និដ្ឋានថា ជាមីស៉ីលផ្លោងបាលីស្ទីគរយៈចម្ងាយឆ្ងាយ ដែលអាចជាមីស៉ីលផ្លោងអន្តរទ្វីប ICBM តែម្តង។ ទោះជាយ៉ាងណា ក្រសួងការពារជាតិកូរ៉េខាងត្បូង មិនទាន់បញ្ជាក់នៅឡើយទេថា វាពិតជា ICBM មែនឬយ៉ាងណា ខណៈមីស៉ីលប្រភេទនេះ មិនធ្លាប់ត្រូវបានកូរ៉េខាងជើងធ្វើតេស្ត ក្នុងរយៈចម្ងាយឆ្ងាយពេញលេញរបស់វានោះឡើយ តាំងតែពីឆ្នាំ២០១៧មក។ ចំណែកយោធាជប៉ុន ក៏បានអះអាងដែរថា ការបាញ់តេស្តនៅថ្ងៃព្រហស្បតិ៍នេះ អាចជាមីស៉ីលផ្លោងបាលីស្ទីគ»

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមីនា កន្លងទៅ បើតាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានធ្វើតេស្តមីស៉ីលផ្លោងមួយគ្រាប់ ដែលផ្ទុះលើផ្ទៃអាកាសនៃទីក្រុងព្យុងយ៉ាង ក្រោយបាញ់ឡើងបានបន្តិចប៉ុណ្ណោះ ចំពេលមានសេចក្តីរាយការណ៍ថា កូរ៉េខាងជើងកំពុងព្យាយាមចាប់ផ្តើម ការធ្វើតេស្តប្រភេទមីស៊ីលធំ និងហោះបានឆ្ងាយបំផុតរបស់ខ្លួនឡើងវិញ។

កន្លងមកនេះ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ធ្លាប់បានព្រមានថា កូរ៉េខាងជើងអាចនឹងកំពុងត្រៀមលក្ខណៈ បាញ់តេស្តមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ក្នុងរយៈចម្ងាយឆ្ងាយជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៧ មក ដែលកាលនោះ ទីក្រុងព្យុងយ៉ាង បានងាកមកស្វែងរក ការចរចាគ្នាជាមួយសហរដ្ឋអាមេរិក។ ការធ្វើតេស្តមីស៉ីលនាថ្ងៃព្រហស្បតិ៍នេះ ក្លាយជាការបាញ់មីស៉ីលផ្លោងយ៉ាងហោចលើកទី ១៣ហើយ ដោយកូរ៉េខាងជើង ក្នុងឆ្នាំ២០២២នេះ៕