(ប៉េកាំង)៖ ក្រុមអ្នកជួយសង្រ្គោះ កំពុងបន្តប្រតិបត្តិការស្វែងរកប្រអប់ខ្មៅទី២ នៃយន្តហោះ ដែលបានធ្លាក់នៅឯតំបន់ភ្នំ និងមានអ្នកដំណើរ ១៣២នាក់ នៅលើនោះ ខណៈព័ត៌មានជាច្រើនពាក់ព័ន្ធនឹងពីឡុតបើកយន្តហោះត្រូវបានចេញផ្សាយជាបណ្ដើរៗ។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២។

មន្រ្តីរដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន (CAAC) បានប្រាប់អ្នកយកព័ត៌មានថា ផ្អែកតាមការវាយតម្លៃ, ប្រអប់ខ្មៅដំបូងដែលបានរកឃើញ កាលពីថ្ងៃពុធម្សិលមិញ គឺជា «ឧបករណ៍ថតសំឡេងក្នុងកាប៊ីនយន្តហោះ»

មន្រ្តីរូបនេះបន្តទៀតថា ឧបករណ៍ថតសំឡេងត្រូវបានរកឃើញ ដោយនៅមានសភាពល្អ ហើយត្រូវបានបញ្ជូនទៅកាន់ទីក្រុងប៉េកាំង ដើម្បីធ្វើការវិភាគ។ ឧបករណ៍នេះនឹងជួយដល់ដំណើរការស៊ើបអង្កេតអំពីព័ត៌មានលម្អិតនៃ ស្ថានភាពរបស់ពីឡុតទាំង៣នាក់ មុនពេលយន្តហោះ Boeing 737-800 បានធ្លាក់។

គួរបញ្ជាក់ថា ជើងហោះហើរ MU5735 បានធ្វើដំណើរពីទីក្រុង គុនមីង (Kunming) ភាគនិរតី ទៅកាន់ទីក្រុងក្វាងចូវ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ហើយ បានធ្លាក់ភ្លាមៗដោយមិនទាន់ដឹងមូលហេតុនៅឯតំបន់ភ្នំមួយកន្លែង។ រហូតមកល់ពេលនេះ មិនទាន់មានមនុស្សណាម្នាក់ត្រូវបានគេរកឃើញថា នៅរស់រានមានជីវិតនោះទេ រីឯប្រតិបត្តិការស្វែងរកកំពុងបន្តធ្វើឡើង៕