(ឃីងស្ដុន)៖ នាយករដ្ឋមន្ត្រីនៃប្រទេសហ្សាម៉ាអ៉ីក លោក អែនឌ្រូ ហូលនែស (Andrew Holness) នៅថ្ងៃពុធសប្ដាហ៍នេះបានប្រាប់ ព្រះអង្គម្ចាស់ចក្រភពអង់គ្លេស ព្រះអង្គវីលៀម (William) និងមហេសីរបស់ព្រះអង្គ គឺព្រះនាងម្ចាស់ ខេត (Kate) ថាប្រទេសរបស់លោកចង់បានឯករាជ្យ និងដោះស្រាយបញ្ហាមួយចំនួនដែលមិនទាន់អាចដោះស្រាយបាន មួយថ្ងៃបន្ទាប់ពីមានបាតុកម្មទាមទារឱ្យចក្រភពអង់គ្លេសសងជំងឺចិត្ត ពាក់ព័ន្ធនឹងទង្វើទាសភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២។

ដំណើរទស្សនកិច្ចរបស់ព្រះអង្គវីលៀម និងព្រះនាងម្ចាស់ ខេត ទៅកាន់ប្រទេសហ្សាម៉ាអ៉ីក (Kate) កាលពីថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) កើតមានឡើងចំពេលបណ្ដាប្រទេសនៅក្នុងតំបន់ការ៉ាបៀន ធ្លាប់ស្ថិតនៅក្រោមអាណានិគមអង់គ្លេស កាន់តែច្រើនឡើងកំពុងនាំគ្នាពិចារណាលែងទទួល ស្គាល់ព្រះមហាក្សត្រីអេលីហ្សាបែត (Elizabeth) ជាប្រមុខរដ្ឋរបស់ពួកគេតទៅទៀត។

ថ្លែងនៅក្នុងពិធីថតរូបជាមួយព្រះអង្គវីលៀម និងព្រះនាងម្ចាស់ ខេត, លោក អែនឌ្រូ ហូលនែស បានបញ្ជាក់ដូច្នេះថា «មានបញ្ហាជាច្រើនដែលអ្នកមិនទាន់ អាចដោះស្រាយបាន...យើងចង់បំពេញក្ដីស្រម៉ៃដ៏មានមហិច្ឆតា នោះគឺក្លាយជារដ្ឋឯករាជ្យពេញលេញ និងមានភាពរុងរឿង»

គួរបញ្ជាក់ថា កាលពីជាង៤ខែមុន, បាបាដូស (Barbados) ដែលជាប្រទេសមួយស្ថិតនៅក្នុងតំបន់ការ៉ាបៀនដែរនោះ បានក្លាយជាប្រទេសសាធារណរដ្ឋ ដោយលែងទទួលស្គាល់ព្រះមហាក្សត្រីអេលីហ្សាបែត (Elizabeth) ជាប្រមុខរដ្ឋរបស់ពួកគេតទៅទៀត ខណៈហ្សាម៉ាអ៉ីត ក៏បានចាប់ផ្ដើមសិក្សាធ្វើតាម ខណៈប្រទេសជាច្រើនទៀតក្នុងតំបន់ដែលធ្លាប់ស្ថិតនៅក្រោមអាណានិគមអង់គ្លេសក៏ប្រហែលជាចាប់អារម្មណ៍យកគំរូតាមបាបាដូសផងដែរ៕