(សេអ៊ូល)៖ នាថ្ងៃព្រហស្បតិ៍នេះ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ (Park Geun-hye) បានចាកចេញពីមន្ទីរពេទ្យវិញហើយ នៅរយៈពេល៣ខែ ក្រោយពីលោកស្រី ត្រូវបានលើកលែងទោស ឱ្យដោះលែងពីពន្ធនាគារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២។

លោកស្រី ផាក បានសម្រាកព្យាបាលនិងតាមដានសុខភាព នៅឯមន្ទីរពេទ្យ តាំងតែពីខែវិច្ឆិកា ឆ្នាំ២០២១ មកម្ល៉េះ ពេលកំពុងជាប់ពន្ធនាគារ។ ប៉ុន្តែប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៉ីន បានប្រកាសផ្តល់ការលើកលែងទោសដល់លោកស្រីវិញ កាលពីខែធ្នូ ឆ្នាំដដែល ក្រោមហេតុផលស្ថានភាពសុខភាពទ្រុធទ្រោមរបស់លោកស្រី ហើយលោកសង្ឃឹមថា វានឹងអាចជួយឱ្យកូរ៉េខាងត្បូង ឈប់គិតពីប្រវត្តិសាស្រ្តគួរឱ្យសោកស្តាយនេះទៀត និងលើកស្ទួយសាមគ្គីភាពជាតិឡើងវិញ។

លោកស្រី ផាក គឺនហេ បានចំណាយពេលប្រមាណជា៥ឆ្នាំក្នុងពន្ធនាគារ ក្រោយត្រូវសភាបោះឆ្នោតទម្លាក់ពីអំណាច ជុំវិញរឿងអាស្រូវពុករលួយ កាលពីឆ្នាំ២០១៧ ហើយត្រូវបានតុលាការកាត់ទោស ឱ្យជាប់ពន្ធនាគារសរុប២២ឆ្នាំ។

គួរបញ្ជាក់ថា ក្រោយចាកចេញពីមន្ទីរពេទ្យនៅទីក្រុងសេអ៊ូល លោកស្រី ផាក បានធ្វើដំណើរទៅកាន់ទីក្រុងដេហ្គូ (Daegu) ដែលជាទីកន្លែងស្នាក់នៅថ្មីរបស់លោកស្រី៕