(ព្រុចសែល)៖ អគ្គលេខាធិការអង្គការ NATO លោក ជែន ស្តូលធិនបឺគ (Jens Stoltenberg) បាននិយាយក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងព្រុចសែល ថា NATO គ្មានផែនការបញ្ជូនកងទ័ពឱ្យទៅជួយអ៊ុយក្រែន ដើម្បីប្រយុទ្ធតតាំងជាមួយកងទ័ពរុស្ស៊ី នោះទេ។ នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មានរុស្ស៊ី Tass នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២។

លោក ស្តូលធិនបឺគ ធ្វើការកត់សម្គាល់បែបនេះជាការឆ្លើយតបទៅនឹងការស្នើសុំរបស់ប៉ូឡូញ ឱ្យបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅកាន់អ៊ុយក្រែន។ ប្រមុខ NATO រូបនេះបានគូសបញ្ជាក់ដូច្នេះថា «NATO មិនមែនជាផ្នែកណាមួយនៃជម្លោះនេះទេ, យើងផ្តល់ការគាំទ្រ និងជួយដល់អ៊ុយក្រែន ប៉ុន្តែនឹងមិនចូលរួមក្នុង ជម្លោះដោយផ្ទាល់ ហើយក៏នឹងមិនបញ្ជូនកងទ័ពទៅកាន់ទីនោះ នោះដែរ»

លោកបន្តថា «វាមានសារៈសំខាន់ក្នុងការគាំទ្រដល់អ៊ុយក្រែន ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺការទប់ស្កាត់ជម្លោះនេះមិនឲ្យក្លាយជាសង្រ្គាម រវាង NATO និងរុស្ស៊ី»។ លើសពីនេះទៅទៀត លោក ស្តូលធិនបឺគ ក៏បានច្រានចោលជាថ្មីផងដែរគំនិតបង្កើត «តំបន់គ្មានការហោះហើរ» នៅអ៊ុយក្រែន ព្រោះវានឹង ធ្វើឲ្យមានសង្រ្គាមជាមួយរុស្ស៊ី។ «ការបង្កើតតំបន់គ្មានការហោះហើរ គឺស្មើនឹង «NATO ត្រូវត្រៀមកម្លាំងរបស់ខ្លួន ដើម្បីបាញ់ទម្លាក់យន្តហោះរបស់រុស្ស៊ី»។ នេះជាការបញ្ជាក់ឡើងវិញរបស់លោកប្រមុខ NATO។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសចាប់ផ្តើមប្រតិបត្តិការយោធាពិសេស តាមការស្នើសុំជំនួយពី ប្រមុខនៃសាធារណរដ្ឋ Donbass។ លោក ពូទីន បានសង្កត់ធ្ងន់ថាទីក្រុងម៉ូស្គូគ្មានផែនការកាន់កាប់ទឹកដីអ៊ុយក្រែនទេ។ តែសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងប្រទេសលោកខាងលិចមួយចំនួនទៀតបានប្រកាសថា ពួកគេនឹងដាក់ទណ្ឌកម្មលើរុស្ស៊ី ដោយពួកគេចាត់ទុកថាសកម្មភាពយោធានៅ អ៊ុយក្រែនគឺជាទង្វើឈ្លានពាន បំពានច្បាប់អន្តរជាតិ៕