(ម៉ូស្គូ)៖ រុស្ស៊ីគឺជាសមាជិកដ៏សំខាន់មួយនៃក្រុមប្រទេស G20 ហើយគ្មានសមាជិកណាមួយមានសិទ្ធិបណ្ដេញរុស្ស៊ីចេញបានឡើយ។ ជាការលើកឡើង របស់អ្នកនាំពាក្យក្រសួងការបរទេសចិន ដកស្រង់ចេញផ្សាយដោយសារព័ត៌មានចិន CGTN នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២។

លោក វ៉ាង វិនប៊ីន (Wang Wenbin) ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយកាលពីថ្ងៃពុធសប្ដាហ៍នេះ និងជាការឆ្លើយតបនឹង សំណួរពាក់ព័ន្ធនឹងព័ត៌មានដែលថាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកំពុងវាយតម្លៃថាគួរ ឬមិនគួរដករុស្ស៊ីចេញពី G20។ លោកបន្ថែមថា G20 គឺជាវេទិកា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងនាំឱ្យបណ្ដាប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗជួបជុំគ្នា ហើយខណៈពិភពលោកកំពុងព្យាយាមស្ដារសេដ្ឋកិច្ចឱ្យងើប ចេញពីវិបត្តិ COVID-19, G20 មានទំនួលខុសត្រូវមិនអាចខ្វះបានក្នុងការដឹកនាំកិច្ចខិតខំប្រឹងនេះ។

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters សហរដ្ឋអាមេរិក និងបណ្ដាប្រទេសជាសម្ព័ន្ធមិត្តលោកខាងលិច កំពុងវាយតម្លៃថាតើរុស្ស៊ីគួរតែ បន្តស្ថិតនៅជាសមាជិកនៃក្រុមប្រទេស G20 ដែរឬយ៉ាងណា ក្រោយទីក្រុងម៉ូស្គូ ប្រើកម្លាំងយោធាលើអ៊ុយក្រែន ខណៈឥណ្ឌូណេស៊ីគឺជាប្រធាន ប្ដូរវេន G20 ក្នុងឆ្នាំ២០២២នេះ។