(ឡុងដ៍)៖ ស្ថាបនិកគេហទំព័រ WikiLeaks លោក ជូលីយៀន អាសសាង (Julian Assange) នឹងរៀបការជាមួយគូដណ្ដឹងដែលបានទាក់ទងគ្នា អស់រយៈជាច្រើនឆ្នាំមកហើយ គឺអ្នកនាង ស្ទែលឡា ម៉ូរីស (Stella Moris) នៅក្នុងពន្ធនាគារដែលមានការការពារសន្តិសុខយ៉ាងតឹងរ៉ឹង ស្ថិតនៅ ភាគអាគ្នេយ៍ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសនៅថ្ងៃពុធនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២។

ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានឱ្យដឹងទៀតថាពិធីមង្គលការរបស់លោក Assange នឹងប្រព្រឹត្តទៅ ដោយមានការរៀបចំពិធីតូចមួយ មានភ្ញៀវ៤នាក់ចូលរួម, សាក្សី ២នាក់ និងឆ្មាំការពារ២នាក់។ អ្នកនាង Stella ក៏បាននិយាយដែរថាអ្នកនាង នឹងរៀបការជាមួយលោក Assange ដែលជាមនុស្សម្នាក់ដ៏សំខាន់, ជាមនុស្សដ៏អស្ចារ្យ, ដ៏ឆ្លាតវៃ និងដ៏កំប្លែងសម្រាប់អ្នកនាង។

គួរបញ្ជាក់ថា បច្ចុប្បន្ន លោក Assange កំពុងជាប់ឃុំក្នុងពន្ធនាគារក្នុងប្រទេសអង់គ្លេស និងកំពុងប្រឈមមុខនឹងរឿងក្ដីក្ដាំជុំវិញការស្នើសុំ ធ្វើបត្យាប័នរូបលោកពីសំណាក់សហរដ្ឋអាមេរិក ជាទីដែលលោកត្រូវបានគេចោទប្រកាន់ពីបទល្មើសចំនួន ១៨ករណី ក្នុងនោះរួមមានទាំង ការទម្លាយឯកសារសម្ងាត់ដែលបំផ្លាញផលប្រយោជន៍របស់អាមេរិក៕