(វ៉ាសូវី)៖ អ្នកនាំពាក្យទីភ្នាក់ងារសន្តិសុខផ្ទៃក្នុងនៃប្រទេសប៉ូឡូញ លោក ស្ទេនីស្ល ហ្សារីន (Stanislaw Zaryn) បាននិយាយថា ទីភ្នាក់ងាររបស់លោក បានស្នើទៅកាន់ក្រសួងការបរទេសប៉ូឡូញ នៅថ្ងៃពុធនេះ ដើម្បីឱ្យមានការពិចារណាបណ្តេញ មន្រ្តីការទូតរុស្ស៉ីចំនួន៤៥រូប ដែលសង្ស័យថា បានធ្វើការឲ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី ក្រោមស្លាកបេសកកម្មការទូត។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២។

លោក ហ្សារីន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «ទីភ្នាក់ងារសន្តិសុខផ្ទៃក្នុង បានកំណត់អត្តសញ្ញាណមនុស្សចំនួន៤៥នាក់
ក្នុងនោះរួមមានមន្រ្តីស៉ើបការណ៍សម្ងាត់របស់រុស្ស៊ី និងបុគ្គលមានជាប់ពាក់ព័ន្ធជាមួយពួកគេ ដែលមានឋានៈជាអ្នកការទូតក្នុងប្រទេសប៉ូឡូញ។ បញ្ជីឈ្មោះអ្នកទាំងអស់នោះ ត្រូវបានបញ្ជូនទៅកាន់ក្រសួងការបរទេសរួចហើយ ខណៈក្នុងនោះ មានទាំងអ្នកដែលធ្វើសកម្មភាពចារកម្មប្រឆាំងប៉ូឡូញផ្ទាល់ និងអ្នកដែលធ្វើសកម្មភាពចារកម្ម ប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់ប៉ូឡូញ។

ពាក់ព័ន្ធបញ្ហាខាងលើ អ្នកនាំពាក្យរដ្ឋាភិបាលប៉ូឡូញ បាននិយាយថា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងវ៉ាសូវី ត្រូវបានកោះទៅកាន់ក្រសួងការបរទេសប៉ូឡូញ ហើយការសម្រេចបន្ថែមទៀត នឹងត្រូវប្រកាសបន្ទាប់ពីជំនួបនោះ។ យ៉ាងណាក្តី ទីក្រុងមូស្គូបានព្រមានថា រុស្ស៉ីនឹងចាត់វិធានការសងសឹកតាមការគួរទៅវិញ ប្រសិនបើមន្រ្តីទូតខ្លួន ត្រូវបណ្តេញចេញពីប៉ូឡូញ មែននោះ៕