(ប៉េកាំង)៖ «ចាប់ពីរុស្ស៊ីនិងអ៊ុយក្រែនបានផ្ទុះអាវុធមក មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក ផ្លូវ K(ទីតាំងប្រមូលផ្ដុំដោយក្រុមហ៊ុន និយាយបញ្ចុះបញ្ចូលក្រុងវ៉ាស៊ឹនតោន) សហគ្រាសផលិតអាវុធយោធា ព្រមនិងអគាររដ្ឋសភាទាំងមូល សុទ្ធតែកំពុងយកស្រាសាំប៉ាញមកជប់លៀងដោយស្ងាត់ៗ!» នាពេលថ្មីៗកន្លងទៅនេះ លោក Franklin C. Spinney អតីតមន្ត្រីក្រសួងការពារជាតិអាមេរិក បានវាយតម្លៃដូចពោលខាងលើនេះ។ ពាក្យសំដីនេះបានបង្ហាញយ៉ាងច្បាស់ថា អាមេរិកជាអ្នកទទួលបានផលប្រយោជន៍ធំជាងគេ ក្នុងការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន។

ដូចលោក Franklin C. Spinneyបានធ្វើវិភាគថា ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន ជាលទ្ធផលនៃការញុះញង់ខាងនយោបាយ។ ក្នុងនាមជាអ្នកបង្ករឿងហេតុនៃវិបត្តិអ៊ុយក្រែន អាមេរិកមិនគ្រាន់តែឆ្លៀតឱកាសនេះ ឱ្យតួអង្គឧស្សាហកម្មយោធារបស់ខ្លួន ទទួលបានផលកម្រៃដ៏ច្រើនសន្ធឹកប៉ុណ្ណោះទេ ថែមទាំងបានដាក់ទណ្ឌកម្មដោយកម្រិតកាន់តែខ្លាំង ទៅលើរុស្ស៊ីទៀតផង ព្រមទាំងបានរារាំងជំហានរបស់អឺរ៉ុប ដើម្បីស្វែងរកយុទ្ធសាស្ត្រម្ចាស់ការ ពង្រឹងអនុត្តរភាពបែបអាមេរិក។

វិបត្តិអ៊ុយក្រែនបានបញ្ជាក់ម្តងទៀតថា អាមេរិកជា «បាតដៃខ្មៅពីក្រោយ» ដែលធ្វើឱ្យពិភពលោកច្របូកច្របល់។ «បាតដៃខ្មៅពីក្រោយ» នេះមិនអើពើនឹងទំនួលខុសត្រូវរបស់ខ្លួន បែរជាទម្លាក់កំហុសឱ្យអ្នកផ្សេងម្តងហើយម្តងទៀត។ នាពេលថ្មីៗកន្លងទៅនេះ «កាសែតញូវយ៉ក ថាមស៍» បានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាច្រើនលើកដែលថា ប្រទេសចិនដឹងដំណឹងមុននឹងរុស្ស៊ីធ្វើសកម្មភាពយោធា ហើយបាន «ទាមទារឱ្យរុស្ស៊ីធ្វើសកម្មភាព បន្ទាប់ពីបញ្ចប់ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង»។ អ្នកដែលចេះដឹងសុទ្ធតែអាចមើលច្បាស់ថា ពាក្យមួលបង្កាច់ និងរិះគន់នេះផ្ទុយពីចំណេះដឹងទូទៅ និងមានចេតនាអាក្រក់។ នាពេលថ្មីៗកន្លងទៅនេះ លោក Qin Gang ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាមេរិក បានសម្តែងយ៉ាងច្បាស់ថា រុស្ស៊ីនិងអ៊ុយក្រែនកើតមានការប៉ះទង្គិច គ្មានផលប្រយោជន៍អីដល់ប្រទេសចិនទេ។ ប្រទេសចិនមិនអាចមិននិយាយបញ្ចុះបញ្ចូល ខណៈពេលទទួលបានព័ត៌មាននេះ។

បើមើលពីវិស័យនយោបាយអាចឃើញថា ទំនាក់ទំនងរវាងចិននិងរុស្ស៊ី បានបង្កើតឡើងលើមូលដ្ឋាន «មិនចូលបក្សសម័្ពន្ធ មិនបដិបក្ខគ្នា មិនសំដៅចំភាគីទីបី» មូលដ្ឋាននេះខុសគ្នាពីឬសគល់ ជាមួយអាមេរិកដែលតែងតែកំណត់ខ្សែបន្ទាត់ ឃុបឃិតគ្នាតាមរយៈទស្សនៈមនោគមវិជ្ជា ក្នុងន័យធ្វើនយោបាយចែកជាបក្សពួក។

បើមើលពីវិស័យសេដ្ឋកិច្ចអាចឃើញថា ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំជាងគេរបស់រុស្ស៊ីនិងអ៊ុយក្រែន ហើយក៏ជាប្រទេសនាំចូលប្រេងកាត និងឧស្ម័នធម្មជាតិធំជាងគេនៅលើពិភពលោក។ ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន ពិតជានឹងបណ្តាលឱ្យប្រេងកាត និងឧស្ម័នធម្មជាតិឡើងថ្លៃ និងធ្វើឱ្យដើមទុននាំចូលកើនឡើង។ តើប្រទេសចិនចង់មើលឃើញ សភាពការណ៍បែបនេះឬទេ ?

មនុស្សដែលចាក់សាំងលើភ្លើង មួលបង្កាច់និងលាបពណ៌មនុស្ស ដែលបាននិងកំពុងខំប្រឹងពន្លត់ភ្លើង នេះជាទង្វើដែលមិនទទួលខុសត្រូវ និងថោកទាបបំផុត។ ពិភពលោកបានដឹងច្បាស់ហើយថា «ប្រទេសប៉ិនកុហក» ដែលរករឿងជាបន្តបន្ទាប់ ញុះញង់ការខ្វែងគំនិត ឆក់យកផលកំរៃ និងប្រើស្រាសាំប៉ាញដើម្បីអបអរសាទរ ជាមេក្លោងបង្កវិបតិ្តអ៊ុយក្រែនដ៏ធំបំផុត៕