(ប៉េកាំង)៖ មន្រ្តីអាកាសចរណ៍ចិនមួយរូប នៅថ្ងៃពុធនេះ បានឱ្យដឹងថា ប្រអប់ខ្មៅមួយក្នុងចំណោមប្រអប់ខ្មៅទាំង២ របស់យន្តហោះ ផ្ទុកអ្នកដំណើរផ្ទុកមនុស្ស១៣២នាក់ ដែលធ្លាក់កាលពីដើមសប្តាហ៍នេះ ត្រូវបានរកឃើញហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២។

លោក លីវ លូសុង (Liu Lusong) អ្នកនាំពាក្យនៃអាជ្ញាធរអាកាសចរណ៍ស៉ីវិលរបស់ប្រទេសចិន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «ឧបករណ៍កត់ត្រាទិន្នន័យហោះហើរ (Flight Recorder) របស់យន្តហោះជើងហោះហើរ MU5735 នៃក្រុមហ៊ុនអាកាសចរណ៍ China Eastern ត្រូវបានរកឃើញ នៅថ្ងៃទី២៣ ខែមីនានេះ»។ ដូច្នេះហើយ នៅសល់ប្រអប់ខ្មៅមួយទៀត ជាឧបករណ៍ថតសំឡេងនៅក្នុង បន្ទប់អាកាសយានិក ហៅថា Voice Recorder ដែលមិនទាន់ត្រូវបានរកឃើញ។

គួរបញ្ជាក់ថា យន្តហោះដឹកអ្នកដំណើរ China Eastern ប្រភេទ Boeing 737-800 បានធ្លាក់នៅឯតំបន់ភ្នំ ក្បែរទីក្រុងវូចូវ (Wuzhou) នៃតំបន់ក្វាងស៉ី (Guangxi) កាលពីថ្ងៃចន្ទសប្តាហ៍នេះ កំលុងគោលដៅធ្វើដំណើរពី ទីក្រុងគួនមីង (Kunming) នៃខេត្តយូនណាន (Yunnan) ឆ្ពោះទៅកាន់ទីក្រុងក្វាងចូវ (Guangzhou) នៃខេត្តក្វាងទុង (Guangdong)។ នៅលើនោះ មានវត្តមានអ្នកដំណើរ១២៣នាក់ និងក្រុមការងារយន្តហោះ៩នាក់។ អាជ្ញាធរចិនបានប្តេជ្ញាថា នឹងនៅតែបន្តប្រតិបត្តិការស្វែងរកជនរងគ្រោះ ដរាបណានៅមានពន្លឺនៃក្តីសង្ឃឹម បើទោះបីជាវាកាន់តែតូចទៅៗក៏ដោយ៕