(វ៉ាស៊ីនតោន)៖ អតីតរដ្ឋមន្រ្តីការបរទេសនិង ជាអតីតជំទាវទី១ របស់សហរដ្ឋអាមេរិកគឺ លោក ហ៊ីលឡារី គ្លីនតុន (Hillary Clinton)

បានប្រកាសកាលពីថ្ងៃអង្គារ៍សប្តាហ៍នេះថា លោកស្រីបានធ្វើតេស្តមានវិជ្ជមានកូវីដ១៩ ប៉ុន្តែរោគសញ្ញាស្រាលរបស់លោកស្រី គឺមានសភាពស្រាលប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មានរុស្ស៊ី RT នៅថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២។

លោកស្រី គ្លីនតុន បានសរសេរនៅលើ Twitter របស់ខ្លួនថា «ខ្ញុំបានធ្វើតេស្តមានវិជ្ជមានកូវីដ១៩, ខ្ញុំមានរោគសញ្ញាស្រាល
ហើយខ្ញុំមានអារម្មណ៍ថាមិនអីទេ»។ លោកស្រីបានបន្ថែម ដោយការថ្លែងអំណរគុណដល់រដ្ឋាភិបាល សម្រាប់ការចាក់វ៉ាក់សាំង ដែលអាចប្រឆំាំងនឹងការធ្លាក់ខ្លួនឈឺធ្ងន់។ ជាមួយគ្នានោះ លោកស្រីបានអំពាវនាវដល់ប្រជាជនអាមេរិក ឲ្យទទួលការចាក់វ៉ាក់សាំងគ្រប់២ដូស និងដូសជម្រុញ ប្រសិនបើនៅមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅឡើយ។

លោកស្រី គ្លីនតុន ក៏បានបញ្ជាក់ដែរថា ស្វាមីរបស់លោកស្រី ដែលជាប្រធានាធិបតីទី៤២ របស់សហរដ្ឋអាមេរិក
គឺលោក ប៊ីល គ្លីនតុន (Bill Clinton) បានធ្វើតេស្តអវិជ្ជមានចំពោះវីរុសនេះ ប៉ុន្តែលោកត្រូវបានគេដាក់ឲ្យស្នាក់នៅ
ដាច់ដោយឡែក រហូតដល់មនុស្សក្នុងគ្រួសារទាំងមូលធ្វើតេស្តអវិជ្ជមាន។

គួរបញ្ជាក់ថា ក្រៅពីលោកស្រីគ្លីនតុន, កាលពីម្សិលមិញអ្នកនាំពាក្យនៃសេតវិមាន គឺលោកស្រី ជេន សាគី (Jen Psaki) ក៏បានឆ្លងកូវីដ១៩ដែរ ហើយខកខានមិនបានអមដំណើរ លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ទៅកាន់តំបន់អឺរ៉ុប៕