(វ៉ាស៉ីនតោន)៖ ក្រសួងការពារជាតិអាមេរិក បានចេញមុខថ្កោលទោស សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំងរុស្ស៉ី ដែលមិនច្រានច្រោល លទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ កំលុងវិបត្តិសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានប្រាប់សារព័ត៌មាន CNN ថា អាវុធនុយក្លេអ៊ែរអាចនឹងត្រូវប្រើប្រាស់ ប្រសិនបើអាយុជីវិតនៃប្រទេសរុស្ស៉ីទាំងមូល ប្រឈមការគំរាមកំហែង។ នៅលើពិភពលោក រុស្ស៉ីគឺជាប្រទេសដែលមាន ក្បាលគ្រាប់នុយក្លេអ៊ែរ ច្រើនជាងគេបំផុត គឺលើសសហរដ្ឋអាមេរិកទៅទៀត។

ឆ្លើយតបចំពោះសម្តីលោក Peskov អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក ចន ឃឺប៊ី (John Kirby) បាននិយាយថា ការលើកឡើង អំពីអាវុធនុយក្លេអ៊ែដោយទីក្រុងមូស្គូ គឺពោរពេញដោយគ្រោះថ្នាក់ ហើយមិនសមជាសម្តី និងជាទង្វើរបស់មហាអំណាចនុយក្លេអ៊ែរ ដែលមានការទទួលខុសត្រូវនោះឡើយ។

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក ពូទីន បានបញ្ជាឱ្យកងកម្លាំងនុយក្លេអ៊ែររបស់ប្រទេសលោក ស្ថិតក្នុងស្ថានភាពប្រុងជើងការពិសេស កាលពីថ្ងៃទី២៧ ខែកុម្ភៈ គឺប៉ុន្មានថ្ងៃក្រោយការបើកប្រតិបត្តិការយោធាចូលអ៊ុយក្រែន ប៉ុន្តែក្រុមមន្រ្តីការពារជាតិរបស់លោកខាងលិច បានអះអាងថា ពុំមានសញ្ញាគួរឱ្យកត់សម្គាល់ណាមួយ ស្តីពីការចល័តយន្តហោះទម្លាក់គ្រាប់បែក មីស៉ីល និងនាវាមុជទឹករបស់រុស្ស៉ីនោះឡើយ៕