(ប៉េកាំង)៖ និយ័តករនៃវិស័យអាកាសចរណ៍របស់ប្រទេសចិន បានចាប់ផ្តើមការត្រួតពិនិត្យលើគ្រប់ផ្នែកនៃវិស័យអាកាសចណ៍ សម្រាប់ភាពចន្លោះប្រហោងផ្នែកសុវត្ថិភាព ដែលអាចត្រូវបានមើលរំលង ខណៈដែលអាជ្ញាធរកំពុងបន្តការស្វែងរកជនរងគ្រោះ និង ប្រអប់ខ្មៅនៃយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន China Eastern ដែលបានធ្លាក់នៅតំបន់ភ្នំ ភាគខាងត្បូងប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២។

រហូតមកដល់ពេលនេះ មូលហេតុនៃការធ្លាក់យន្តហោះ China Eastern ក្នុងតំបន់ក្វាងស៉ី (Guangxi) កាលពីថ្ងៃចន្ទសប្តាហ៍នេះ នៅមិនទាន់អាចកំណត់បាននៅឡើយទេ ខណៈអាជ្ញាធរអាកាសចរណ៍ចិនបានព្រមានថា ការស៊ើបអង្កេតនឹងមានភាពលំបាកខ្លាំង ដោយសារតែយន្តហោះបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន កាលពីថ្ងៃអង្គារម្សិលមិញបានឱ្យដឹងថា ការធ្វើអធិការកិច្ចដែលមានរយៈពេល២សប្តាហ៍
លើវិស័យអាកាសចរណ៍ នឹងរួមបញ្ចូលទាំងការចុះពិនិត្យលើ ការិយាល័យគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសប្រចាំតំបន់ទាំងអស់ ព្រមទាំងក្រុមហ៊ុនអាកាសចរណ៍ និងវិទ្យាស្ថានបណ្តុះបណ្តាលការហោះហើរ ដើម្បីធានាសុវត្ថិភាពឱ្យបានទាំងស្រុង ចំពោះប្រតិបត្តិការអាកាសចរណ៍ ក៏ដូចជាជីវិតមនុស្ស។

គួរបញ្ជាក់ថា យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737-800 របស់អាកាសចរណ៍ China Eastern បានធ្លាក់នៅឯតំបន់ភ្នំ ក្បែរទីក្រុងវូចូវ (Wuzhou) នៃតំបន់ក្វាងស៉ី (Guangxi) កំលុងគោលដៅធ្វើដំណើរពីទីក្រុងគួនមីង (Kunming) នៃខេត្តយូនណាន (Yunnan) ឆ្ពោះទៅកាន់ទីក្រុងក្វាងចូវ (Guangzhou) នៃខេត្តក្វាងទុង (Guangdong)។ នៅលើនោះ មានផ្ទុកមនុស្សសរុប១៣២នាក់ រួមមានអ្នកដំណើរ១២៣នាក់ និងក្រុមការងារយន្តហោះ៩នាក់។ អាជ្ញាធរចិនបានអះអាងថា នឹងនៅតែបន្តប្រតិបត្តិការស្វែងរកជនរងគ្រោះ ដរាបណានៅមានពន្លឺនៃក្តីសង្ឃឹម បើទោះបីជាវាកាន់តែតូចទៅៗក៏ដោយ៕