(អូស្លូ)៖ ជាច្រើនឆ្នាំមកហើយ សមយុទ្ធយោធារបស់អង្គការ ណាតូ (NATO) នៅតំបន់អាក់ទិច តែងត្រូវបានរៀបចំឡើងជាមួយ សេណារីយ៉ូដដែលៗគឺ ន័រវែសដែលជាសមាជិក បានរងការឈ្លានពានពីប្រទេសដទៃ ដែលតម្រូវឱ្យសហរដ្ឋអាមេរិក និងប្រទេសជាសមាជិកផ្សេងទៀត បញ្ជូនទ័ពចូលទៅជួយការពារ ប៉ុន្តែសម្រាប់ឆ្នាំនេះ គឺវាត្រូវបានប្រារព្ធឡើង ចំពោះមុខសង្រ្គាមដែលកំពុងផ្ទុះឡើងនៅក្បែរ NATO តែម្តង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែមីនាឆ្នាំ២០២២។

បើតាមសេចក្តីរាយការណ៍របស់ Reuters សមយុទ្ធប្រចាំឆ្នាំរបស់ NATO ដែលហៅថា ខូល រីស្ពន (Cold Response) ដែលរៀបចំឡើងនាឆ្នាំនេះ
កាន់តែមានសារៈសំខាន់ថែមទៀត ជាមួយវត្តមានទាហានម៉ារីនអាមេរិកប្រហែល ៣,០០០នាក់ ដែលបានមកចូលរួម បន្ទាប់ពីរុស្ស៉ីបានបើកប្រតិបត្តិការយោធាលើអ៊ុយក្រែន។

តាំងពីមុនពេលមាន ប្រតិបត្តិការយោធាក្នុងប្រទេសអ៊ុយក្រែនទៅទៀត ទីក្រុងមូស្គូបានចោទប្រកាន់ NATO ថា បានធ្វើឲ្យមានអស្ថិរភាពនៅតំបន់អឺរ៉ុប ដោយការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ និងការប្រមូលផ្តុំកម្លាំងយោធារបស់ខ្លួននៅតំបន់ផ្នែកខាងកើតរបស់ NATO។ ខណៈដែលគ្មានសញ្ញាបង្ហាញថា រុស្ស៊ីកំពុងសម្លឹងចង់ឆ្ពោះទៅរកប្រទេសន័រវែសក៏ដោយ ប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូសព្វថ្ងៃនៅអ៊ុយក្រែន បានបង្កើនក្តីព្រួយបារម្ភកាន់តែខ្លាំង ដល់ប្រទេសដទៃទៀតនៅក្នុងតំបន់។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងន័រវែសនិងរុស្ស៊ី ដែលមានព្រំដែនជាប់គ្នានៅតំបន់អាក់ទិច ធ្លាប់បានជួបភាពប្រសើរឡើងជាសន្សឹមៗ នៅសម័យក្រោយសង្រ្គាមត្រជាក់ ប៉ុន្តែបន្ទាប់មកក៏បានធ្លាក់ចុះវិញ នៅឆ្នាំ២០១៤ ដោយតែបញ្ហាតំបន់គ្រីមៀ ហើយភាពតានតឹងបានកើនឡើង រួមជាមួយការធ្វើសមយុទ្ធយោធាកាន់តែញឹកញាប់ នៅសងខាងព្រំប្រទល់ប្រទេសទាំងពីរ។

សមយុទ្ធ Cold Response នឹងបន្តប្រព្រឹត្តទៅរហូតដល់ផុតសប្តាហ៍ទីមួយ នៃខែមេសា ហើយមានការចូលរួមពីកងកម្លាំងយោធា សរុបប្រមាណ៣០,០០០នាក់ មកពី២៧ប្រទេស ដែលជាសមាជិកអង្គការ NATO៕