(ហ្សាការតា)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មានបំណងចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ដែលនឹងរៀបចំឡើយដោយប្រទេសឥណ្ឌូណេស៊ី នៅក្នុងឆ្នាំ២០២២នេះ។ នេះបើតាមអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងហ្សាការតា ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២។

អគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងហ្សាការតា លោកស្រី លីយូដមីឡា វ៉ូរ៉ូប៊ីវ៉ា (Lyudmila Vorobieva) ធ្វើការកត់សម្គាល់បែបនេះនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃពុធនេះ និងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចកំពុងពិចារណាថាតើគួរ ឬមិនគួរដករុស្ស៊ីចេញពីក្រុម ប្រទេសជាសមាជិក G20។

លោកស្រី Vorobieva បានបន្ថែមដូច្នេះថា «មិនត្រឹមតែកិច្ចប្រជុំកំពូល G20 ប៉ុណ្ណោះទេ, សូម្បីតែអង្គការជាច្រើនផ្សេងទៀតក៏កំពុងព្យាយាមបណ្ដេញ រុស្ស៊ីផងដែរ...ប៉ុន្តែប្រតិកម្មបែបនេះរបស់បណ្ដាប្រទេសលោកខាងលិចគឺមិនមានហេតុផលទាល់តែសោះ»

គួរបញ្ជាក់ថា ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធនេះដែរបានរាយការណ៍ថា សហរដ្ឋអាមេរិក និងបណ្ដាប្រទេសជាសម្ព័ន្ធមិត្តលោកខាងលិច កំពុងវាយតម្លៃថាតើរុស្ស៊ីគួរតែបន្តស្ថិតនៅជាសមាជិកនៃក្រុមប្រទេស G20 ដែរឬយ៉ាងណា ក្រោយទីក្រុងម៉ូស្គូ ប្រើកម្លាំងយោធាលើអ៊ុយក្រែន។

បើតាម Reuters ការសម្រេចចិត្តដករុស្ស៊ីចេញពីក្រុមប្រទេស G20 នឹងត្រូវធ្វើឡើងដោយការបោះឆ្នោតពីសមាជិកដទៃ ដែលក្នុងនោះរួមមានចិន, ឥណ្ឌា និងអារ៉ាប៊ីសាអូឌីត ដែលសុទ្ធសឹងតែជាប្រទេសមានទំនាក់ទំនងល្អជាមួយរុស្ស៊ី។ ដូច្នេះវាកំពុងបង្កឱ្យមានការសង្ស័យថា កិច្ចប្រជុំ G20 អាចនឹងត្រូវបានលើកពេល ខណៈឥណ្ឌូណេស៊ីជាប្រធានប្ដូរវេន G20 សម្រាប់ឆ្នាំ២០២២នេះ៕