(វែលីងតោន)៖ រដ្ឋាភិបាលនូវែលសេឡង់នៅថ្ងៃពុធនេះ បានប្រកាសថា ខ្លួននឹងលុបចោលវិញនូវ គោលការណ៍កាតព្វកិច្ចវ៉ាក់សាំង សម្រាប់វិស័យភាគច្រើន ក្នុងនោះរួមទាំងវិស័យអប់រំ និងប៉ូលិស ចាប់ពីថ្ងៃទី០៤ ខែមេសា ខាងមុខ ខណៈស្ថានការណ៍រីករាលដាលបច្ចុប្បន្ន នៃជំងឺ COVID-19 នៅក្នុងប្រទេស ហាក់ឈានជិតដល់ចំណុចកំពូលរបស់វាហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២។

នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី ចាស៉ីនដា អាដឺន (Jacinda Ardern) បានថ្លែងក្នុងសន្និសីទសារព័ត៌មានយ៉ាងដូច្នេះថា «មានតែអ្នកត្រូវធ្វើការងារជាមួយក្រុមបុគ្គលងាយរងគ្រោះ ដូចជាវិស័យថែទាំជនចាស់ជរា និងសុខាភិបាល ព្រមទាំងបុគ្គលិកនៅតាមព្រំដែនប៉ុណ្ណោះ ដែលចាំបាច់ត្រូវទទួល ការចាកវ៉ាក់សាំងបង្ការជំងឺ COVID-19 ចាប់ពីថ្ងៃទី០៤ ខែមេសា តទៅ»។ ជាមួយគ្នាដែរ បណ្ណវ៉ាក់សាំង នឹងលែងត្រូវការទៀតហើយ ដើម្បីចូលទីកន្លែងសាធារណៈផ្សេងៗ រួមមានភោជនីយដ្ឋាន និងហាងកាហ្វេ ជាដើម។

ការសម្រេចខាងលើកើតមានឡើង ខណៈដែលការឆ្លងរាតត្បាតបច្ចុប្បន្ននៃ COVID-19 នៅក្នុងប្រទេសនូវែលសេឡង់ ត្រូវបានព្យាករថា នឹងឈានដល់ចំណុចកំពូលរបស់វា ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។ មួយវិញទៀត ប្រជាជននូវែលសេឡង់ ក៏ហាក់មិនសូវពេញចិត្ត ជុំវិញការអូសបន្លាយវិធានការរឹតត្បិត COVID-19 នៅក្នុងប្រទេសផងដែរ រហូតដល់ថ្នាក់ផ្ទុះជាបាតុកម្មហិង្សា កាលពីពេលកន្លងទៅក្នុងខែមីនានេះ នៅក្បែរអគារសភាជាតិ ក្នុងទីក្រុងវែលីងតោនថែមទៀតផង។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ប្រជាជននូវែលសេឡង់ ដែលមានវ័យលើសពី១២ឆ្នាំឡើងទៅ គឺប្រហែលជាង៩៥ភាគរយ បានទទួលការចាក់វ៉ាក់សាំងគ្រប់ដូស ខណៈករណីឆ្លងសរុបមានជាង ៥០០,០០០នាក់ ក្នុងចំណោមចំនួនប្រជាជនទាំងអស់ ៥លាននាក់៕