(សេអ៊ូល)៖ នៅថ្ងៃពុធសប្តាហ៍នេះ កូរ៉េខាងត្បូងបានរាយការណ៍ពី ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួនជិត ៥០០,០០០នាក់ទៀត ដែលនាំឱ្យចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេសអាស៉ីខាងកើតមួយនេះ កើនលើស ១០លាននាក់ហើយ។ នេះបើតាមការចេញ ផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២។

ទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺ KDCA របស់កូរ៉េខាងត្បូង បានឱ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ករណីឆ្លងថ្មីៗចំនួន ៤៩០,៨៨១នាក់បន្ថែមទៀត ត្រូវបានកត់ត្រា ដែលជាហេតុធ្វើឱ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេស កើនដល់ ១០,៤២៧,២៤៧ នាក់។ តួលេខប្រចាំថ្ងៃនេះ គឺជាតួលេខខ្ពស់បំផុតលំដាប់ថ្នាក់ទី២ បន្ទាប់ពីតួលេខ ៦២១,២០៥នាក់ ដែលត្រូវបានរាយការណ៍កាលពី ថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។

គួរបញ្ជាក់ថា រីឯចំនួនករណីស្លាប់សរុបវិញបានកើនដល់ ១៣,៤៣២នាក់ ក្រោយមានករណីអ្នកជំងឺស្លាប់ថ្មី ២៩១នាក់ទៀត។ មកទល់ពេលនេះ មនុស្ស៣២.៤៥លាននាក់ ក្នុងចំណោមប្រជាជនកូរ៉េខាងត្បូងទាំង ៥២លាននាក់ ឬស្មើនឹង៦៣.២ភាគរយ បានចាក់វ៉ាក់សាំងដូសជំរុញ ខណៈចំនួនអ្នកទទួលបាន ការចាកវ៉ាក់សាំងពេញលេញគឺ ៤៤.៤៦លាននាក់ ឬស្មើនឹង៨៦.៦ភាគរយ៕